ព័ត៌មានជាតិ

ធ្លាប់តែដាក់គុកគេឥឡូវជាប់ខ្លួនឯងវិញម្ដង! មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យម្នាក់ បើករថយន្តបុកម៉ូតូបណ្តាលឲ្យមនុស្សស្លាប់ រួចព្យាយាមបើករត់គេច

បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៤៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ ណាំ យី ជិះម៉ូតូម៉ាក សង់ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ស្លាកលេខ បន្ទាយមានជ័យ 1L-0630 ស្លាប់នៅកន្លែងកើតហេតុ។ អ្នកបើកបរបង្កឈ្មោះ ព្រុំ សុខ អាយុ ៣៤ឆ្នាំ មុខរបរជាមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ បើករថយន្តម៉ាក អ៊ីស៊ុយស៊ុយឌីមិច (DMAX) ពណ៌ស ពាក់ស្លាកលេខ BMC-0207 (ចង្កួតស្តាំ ) រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ ជនរងគ្រោះធ្វើដំណើរពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបើកមកពីជើងទៅត្បូង យ៉ាងលឿនជ្រុលចង្កូតបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់នៅនិងកន្លែង រួចព្យាយាមបើករត់គេច ប៉ុន្តែត្រូវសមត្ថកិច្ចដេញតាមឃាត់បានទាំងរថយន្ត និងមនុស្សយកទៅសាកសួរនៅអធិការដ្ឋាន ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ត៕

មតិយោបល់