ភ្នំពេញៈ កាលពីវេលាម៉ោង ១០ និង ១០នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលំបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មានករណីដកកាំភ្លើងខ្លី អាមេគំរាមបាញ់សម្លាប់ ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍។
ជនរងគ្រោះឈ្មោះ សា ខ្ជា ភេទប្រុស អាយុ ៣០ជាង មុខរបរ អ្នកបើករថយន្តតាក់ស៊ីឯកជន ស្នាក់នៅបន្ទប់លេខ៤ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ទើបតែចេញមកពីលេងផ្ទះបងស្រីបង្កើត នៅឯម្តុំវត្តទួល ដោយដឹកកូនតូចៗ២នាក់ ជិះរថយន្តមួយគ្រឿងម៉ាកតូយ៉ាតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-0982។ ខណៈប្រពន្ធគាត់ ជិះម៉ូតូនៅពីមុខគាត់ ពេលមកដល់ផ្លូវច្រកចូល បន្ទប់ជួល ស្រាប់តែមានរថយន្ត ១គ្រឿងម៉ាក កាំម៉ារីហាយប្រ៊ិត ពណ៌ស មិនចាំស្លាកលេខ បានឈប់នៅចិញ្ចើមផ្លូវ ឃើញដូចនោះ គាត់ស៊ីផ្លេសុំផ្លូវ ដើម្បីបើកចូល ស្រាប់តែមានជនដៃដល់ម្នាក់ មិនស្គាល់អត្តសញ្ញាណ (មានផ្ទះក្បែរជនរងគ្រោះ) បានដើរចូលមកដល់មុខបន្ទប់ជួលគាត់ រួចដកកាំភ្លើងខ្លីអាមេភ្ជង់គាត់ (ជនរងគ្រោះ) បង្កឲ្យមានការភ្ញាក់ផ្អើល ទៅដល់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ចុះមកដល់ទីតាំង ចំណែកជនដៃដល់វិញ ក៏បានរថយន្តទុកក្នុងផ្ទះ ហើយគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅឯប៉ុស្តិ៍នគរបាល រដ្ឋបាលទួលសង្កែទី១ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ ចាប់ដៃដល់មកផ្តន្ទាទោស តាមផ្លូវច្បាប់៕
មតិយោបល់