សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីគំរាមកំហែងមួយកើតឡើង ស្ថិតនៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប វេលាម៉ោង ១៥ និង ៣៥នាទី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ជនសង្ស័យឈ្មោះ ម៉ិក ផា ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ បោចមាន់លក់។ ចំណែកជនរងគ្រោះឈ្មោះ យុន ប៉ូណាត់ ភេទប្រុស អាយុ ៣៩ ឆ្នាំ ខេត្តសៀមរាប មុខរបរ មេតុងទីន។ អ្នកទាំង២រស់នៅភូមិ/ឃុំខាងលើ។
ដំណើររឿង៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ជនសង្ស័យបានទៅទារលុយតុងទីនពីជនរងគ្រោះតែមិនបាន លុះដល់វេលាកើតហេតុ ជនសង្ស័យមកពីផ្សារឃើញផ្ទះជនរងគ្រោះបើកទ្វាររបង ក៏ជិះម៉ូតូទៅផ្ទះខ្លួនយកកាំបិតហើយជិះត្រឡប់មកវិញសម្លុតទារលុយដែលជនរងគ្រោះជំពាក់នោះ ឃើញដូចនេះជនរងគ្រោះភ័យលោតផ្លោះរបងបណ្ដាលឲ្យបាក់ជើងខាងឆ្វេង ហើយជនសង្ស័យាបានលោតតាមព្រមទាំងចាក់សោររួចនិយាយថា បើមិនឲ្យលុយទេគេនឹងកាប់។ខណៈនោះសមត្ថកិច្ចទៅដល់ឲ្យជនរងគ្រោះទម្លាក់កាំបិតចុះ តែជនសង្ស័យមិនព្រមលុះត្រាតែបានលុយសិន។ បន្ទាប់មកបងប្អូនជនរងគ្រោះរកលុយឲ្យទៅប្រពន្ធជនសង្ស័យបានចំនួន២២លានរៀល ទើបជនសង្ស័យព្រមដាក់កាំបិតចុះ ហើយឲ្យសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាកាន់កាំបិតសម្លុតទារលុយជនរងគ្រោះបា្រកដមែន ដោយជនរងគ្រោះមិនព្រមសងលុយ បន្ទាប់មកសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់