បន្ទាយមានជ័យៈ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការចុះបញ្ជីដីធ្លីនេះពិតជាមានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះកាលណាប្រជាពលរដ្ឋទទួលបានកម្មសិទ្ធិដីធ្លីនោះ បញ្ហាទំនាស់ដីធ្លីនឹងត្រូវបានកាត់បន្ថយ ហើយវាក៏អាចឲ្យប្រជាពលរដ្ឋម្ចាស់ដី ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិអាចយកទៅប្រើប្រាស់តាមតម្រូវការ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ថ្លែងក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ដែលមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីយ៉ាងច្រើនផងដែរ។
តាមរបាយការណ៍របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ បង្ហាញឲ្យដឹងថា ទិន្នន័យក្បាលដីដែលត្រូវបានបិទផ្សាយនៅក្នុងភូមិពោធិពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី មានចំនួន១.១៧១ក្បាលដី។
លោក លី សារី បានបន្តថា ប្រជាពលរដ្ឋក្លាយជាម្ចាស់ដី ពិតប្រាកដទៅតាមច្បាប់ ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងពង្រីករបរកសិកម្ម ឬមុខរបរផ្សេងទៀត លើដីកម្មសិទ្ធិនេះ ដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្របានមួយកម្រិតថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើកំណែទម្រង់លើវិស័យដីធ្លី ដោយបានបែងចែកដីជូនពលរដ្ឋ និងបានបង្កើតចេញនូវយុទ្ធនាការវាស់វែងដីធ្លី ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋដែលជាគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លីក្នុងគោលបំណងការពារប្រយោជន៍របស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនេះដែរ លោកអភិបាលរងក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋដែលបានអញ្ជើញមកទីនេះ មេត្តាជួយផ្សព្វផ្សាយបន្តឲ្យបងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលមិនបានចូលរួមបានយល់ដឹង និងចូលរួមពិនិត្យឯកសារ នៃការវិនិច្ឆ័យដែលបានបិទផ្សាយជាសាធារណៈរយៈពេល១៥ថ្ងៃ និងបានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីនៅក្នុងតំបន់វិនិច្ឆ័យ មេត្តាផ្តល់ភាពងាយស្រួល និងចូលរួមសហការឲ្យបានល្អ ដើម្បីឱ្យការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕
មតិយោបល់