ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ដកហូតថ្នាំញៀន ៣កញ្ចប់ និងម៉ូតូ ៣គ្រឿង

ភ្នំពេញៈ ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតនៅថ្នាំញៀន ៣កញ្ចប់ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ បានប្រាប់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចយើងបានកំពុងជិះល្បាតនៅជុំវិញមូលដ្ឋាន ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ដើម្បីត្រួតពិនិត្យ និងឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ៣កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ។

លោក ឯក សេរីវុធ បានបន្តទៀតថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះ ឃីម ផល្លី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ អ្នកបើកឡាន ស្នាក់នៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ទី២ ឈ្មោះ ស្រ៊ន់ ពិសិដ្ឋា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ លេងភ្លេច ស្នាក់នៅភូមិទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ទី៣ ឈ្មោះ សេន តាំងសេង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ នៅផ្ទះ។ ទី៤ ឈ្មោះ ហែម វណ្ណា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅភូមិពង្ររ ឃុំពង្ររ ស្រុកបារាយ ខេត្តកំពង់ធំ។ ទី៥ ឈ្មោះ យ៉ែម ចាន់ដេត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាងដែក និងទី៦ ឈ្មោះ ឡាង ចិន្តា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងឈើ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅភូមិតាមឺុន ឃុំព្រែកដំបូក ស្រុកស្រីសន្ធូរ ខេត្តកំពង់ចាម ព្រមទាំងបានដកហូតម៉ូតូ ៣គ្រឿង។

បើតាមការសារភាពរបស់ពួកគេទាំង៦នាក់បាននិយាយប្រាប់ថា ថ្នាំដែលពួកគេទិញនោះ គឺទិញនៅម្តុំផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ អ្នកខ្លះទៀតទិញនៅម្តុំរោងចក្រឆ្នាំង សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងខ្លះទៀតទិញនៅម្តុំបឹងឈូក មុខពេទ្យលោកសង្ឃ ខណ្ឌសែនសុខ ដោយពួកគេទាំង ៦នាក់នោះ ទិញក្នុងតម្លៃ ២០០០០ម៉ឺនរៀលទៅ ៣០០០០ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ខាងលើ រួមជាមួយនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំនុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី ៕

មតិយោបល់