ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្ត រកឃើញ និងដកហូត

កំពត-កែប: យោងតាមផេករបស់អគ្គនាយកដ្ឋានកាំគុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពត-កែប ដោយទទួលបានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារនៅតូប និងម៉ាតលក់ទំនិញមួយចំនួន ក្នុងខេត្តកំពត។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
-ភេសជ្ជ:ចំណុះ ៣៥០ មីលីលីត្រ ចំនួន ២៧ ដប ស្មើនឹង ៩.៤៥០ មីលីលីត្រ
– ភេសជ្ជ: ចំណុះ ៣៣០ មីលីលីត្រ ចំនួន ៦៧ កំប៉ុង ស្មើនឹង ២២.១១០ មីលីលីត្រ
-ទឹកដោះគោស្រស់ ចំណុះ ២០០០ មីលីលីត្រ ចំនួន ២ ដប ស្មើនឹង ៤.០០០ មីលីលីត្រ
-ទឹកដោះគោស្រស់ ចំណុះ ៨៣០ មីលីលីត្រ ចំនួន ៤ ដប ស្មើនឹង ៣.៣២០ មីលីលីត្រ
សរុបទំនិញដកហូតបានចំនួន ៣៨.៨៨ លីត្រ

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

 

មតិយោបល់