ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ជិះម៉ូតូឆក់ទូរស័ព្ទពីនារី ស្លន់ពេកបុករបងផ្ទះពលរដ្ឋ បណ្ដាលឲ្យដួល…

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ IPhone7Plus ពីនារី២នាក់បានសម្រេច ហើយបានព្យាយាមបើករត់ ក៏ទៅបុករបងផ្ទះប្រជាពលរដ្ឋ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខភោជនីយដ្ឋានទន្លេសាប តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះ លឹង ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ ជាអាជីវករលក់ខោអាវ នៅផ្សារស្ទឹងមានជ័យថ្មី ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកឯជនសង្ស័យឈ្មោះ ញ៉េប វិរ: ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ រីឯបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួន ឈ្មោះ ដា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ។

តាមប្រភពពីនារីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ស្ករ គ្មានស្លាកលេខ ឌុបបងស្រីរបស់នាងម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩ ក្នុងទិសដៅពីត្បូងទៅជើង បំណងមកដើរលេងនៅម្តុំវត្តបុទុមវត្តី និងជិះទៅផ្ទះបងស្រីរបស់ជនរងគ្រោះ ដែលនៅវត្តភ្នំ។

លុះមកដល់ចំណុចកើតហេតុជនរងគ្រោះ បានដកទូរស័ព្ទ១គ្រឿងម៉ាក Iphone7plus មកតេ ស្រាប់តែលេចមុខជនសង្ស័យខាងលើ រួមទាំងបក្ខពួក ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខមកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច។

ភ្លាមៗនោះ ជនរងគ្រោះ បានស្រែកឆោឡោបង្កឲ្យមានការណ៍ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលនៅជុំវិញកន្លែងកើតហេតុ ហើយធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ព្យាយាមជិះគេចខ្លួន តែត្រូវប្រជាពលរដ្ឋ ជួយជិះដេញតាមរហូតដល់ចំណុច ក្បែរច្រកចូលបុរីមហាសេដ្ឋី តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ជនសង្ស័យ បានជិះម៉ូតូ ទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យដួល ត្រូវប្រជាពលរដ្ឋធ្វើការចាប់បាន និងដកហូរបានទូរស័ព្ទដៃរបស់ជនរងគ្រោះ ចំណែកឯបក្ខពួកម្នាក់ទៀត បានរត់មកលើកម៉ូតូ រួចក៏ជិះគេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។

ក្រោយកើតហេតុជនសង្ស័យ រួមទាំងវត្ថុតាំង ត្រូវសមត្ថកិច្ចនាំខ្លួន យកទៅធ្វើការ សាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ រួចប្រគល់បន្តទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីកសាងសំណុំរឿង រង់ចាំធ្វើការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់