ព័ត៌មានជាតិ

សូមប្រយ័ត្នបងប្អូន! រកឃើញ ប៊ឺរ ទឹកកាពិ និងទឹកតៅហ៊ួ ខូចគុណភាព

ស្វាយរៀងៈ យោងតាមផេកអគ្កនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូចំនួន ១៤ គំរូមកធ្វើតេស្ត ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាព មិនអនុលោមនៅលើសំបក វេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួន ដូចជា៖
– ប៊ឺរ ចំនួន ២០ កំប៉ុង
– ទឹកកាពិ ចំនួន ៣០ កំប៉ុង
– ទឹកតៅហ៊ួ ចំនួន ៣០ កំប៉ុង។

បន្ទាប់មកមន្ត្រីកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះ យកទៅកម្ទេចចោលតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់