ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេស បានយកចិត្តទុកដាក់ជួយដោះស្រាយរាល់បញ្ហាដែលកើតមានឡើងចំពោះពលរដ្ឋ ខ្មែរ ពលករ – ពលការិនី និងស្ត្រីខ្មែរ ដែលបានទៅធ្វើការ ឬទៅរៀបការជាមួយជនបរទេស ទាំងស្របច្បាប់ និងមិនស្របច្បាប់ នៅក្រៅប្រទេសដូចជា ការរំលោភបំពានផ្សេងៗ ពីសំណាក់និយោជក មកលើពលករ-ពលការិនីខ្មែរ ផ្ដល់ការគាំទ្រផ្នែកច្បាប់(ផ្ដល់មេធាវីពេលឡើងតុលាការ) ការទាមទារសំណងផ្សេងៗ ធ្វើទំនាក់ទំនង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចប្រទេសតាំងនៅឲ្យជួយសម្រួលផ្តល់ប័ណ្ណ ការងារ និងទិដ្ឋាការស្នាក់នៅ និងជួយ រៀបចំមាតុភូមិនិវត្តន៍។ល។
ជាក់ស្តែងក្នុងរយៈពេល ០៩ខែ ដើមឆ្នាំ២០១៦ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេស បានបំពេញនូវការងារសំខាន់ៗ មួយចំនួន ដូចជា ទី១. ជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋខ្មែរ បានចំនួន៥៧៨នាក់ (គិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៦) ក្នុងនោះមានដូចជាប្រទេសវៀតណាម ចំនួន១៧៤នាក់។ ប្រទេសម៉ាឡេស៊ី ចំនួន១៥០នាក់ ។ប្រទេសថៃ ចំនួន១៣៣នាក់ ។ប្រទេសឥណ្ឌូណេស៊ី ចំនួន៥៧នាក់។ប្រទេសចិនចំនួន៤៧ នាក់។ ប្រទេសជប៉ុនចំនួន០៩ នាក់។ប្រទេសសិង្ហបុរី ចំនួន ០៣ នាក់។ ប្រទេសរុស្ស៊ីចំនួន០២ នាក់។ ប្រទេសឡាវចំនួន០១ នាក់។ ប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ០១ នាក់។ប្រទេសអូស្ត្រាលី ចំនួន០១នាក់ ។
ទី២. ជួយសម្រួលស្នើសុំទិដ្ឋាការជូនពលករ-ពលការិនីកម្ពុជា ទៅធ្វើការនៅប្រទេសថៃ ក្នុងក្របខ័ណ្ឌនៃអនុស្សារណៈរវាងប្រទេសទាំងពីរ ចំនួន១៤.៨៩០ នាក់ (គិតត្រឹមថ្ងៃទី ១៩ កញ្ញា ២០១៦)។
ទី៣. ជួយសម្រួលក្នុងការបញ្ជូនពលករ-ពលការិនីកម្ពុជា បានចំនួន ៥៩៦៥ នាក់ (គិតត្រឹមថ្ងៃទី០៥ កញ្ញា ២០១៦) ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយនិងបានជួយដោះស្រាយបញ្ហាជាច្រើនករណី ដែលពលករ-ពលការិនី ឬពលរដ្ឋយើងដែលរស់នៅទីនោះជួបប្រទះ ៕

មតិយោបល់