ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា បើករថយន្ត ស្លាកលេខ នគរបាល2-2638 ពន្លះម៉ូតូ២គ្រឿង រួចបន្តទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ របួសមនុស្ស ៥នាក់

ភ្នំពេញ: បុរសម្នាក់ ស្រវឹងស្រា បើករថយន្ត១គ្រឿងបោះពួយយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលបុកពីក្រោយម៉ូតូចំនួនពីរគ្រឿងទាំងកម្រោល រួចបន្តទៅបុកលឡើងសួនច្បារពុះចែកទ្រូងផ្លូវ ឆ្លងទៅផ្លូវម្ខាងទៀត បណ្តាលឲ្យក្រទ្បាប់ផ្ងារជើង និងរបួសមនុស្សចំនួន៥នាក់។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងសាលាបឋមសិក្សាបាក់ខែង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញម៉ូតូចំនួនពីរគ្រឿង ជិះបណ្តើរគ្នា ដោយម៉ូតូទី១ម៉ាកAEROK ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HW-7866 បើកបរដោយប្តីប្រពន្ធមួយគូ និងទី២ម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HT-8707 បើកបរដោយនារីពីរនាក់ និងក្មេងប្រុសអាយុ១០ឆ្នាំម្នាក់។

ដោយម៉ូតូទាំងពីរគ្រឿងខាងលើ បានជិះបណ្តើរគ្នា តាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ទើបតែចេញពីចូលរួមអបអរសាទរឆ្លងឆ្នាំសកល នៅវិមានឈ្នះៗ បំណង់ជិះទៅដើរលេងបន្ត នៅអូតែលសុខា។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ក ១គ្រឿងម៉ាកតូយូតា តាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល2-2638 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង មកពីក្រោយស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលបុកពីក្រោយម៉ូតូទាំងពីរគ្រឿងពេញទំហឹង បណ្ដាលឲ្យម៉ូតូទាំងរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ និងស្ត្រីម្នាក់ ដែលជិះម៉ូតូ AEROK រងរបួសធ្ងន់ ចំណែកបួននាក់ផ្សេងទៀត បានរងរបួសស្រាល។

ដោយឡែករថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់ដើមផ្កាក្រដាស់មួយដើម។ ចំណែកឯរថយន្តបង្ក បានខ្ទាតឆ្លងទៅផ្លូវម្ខាងទៀត ក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរបានរងរបួសស្រាល។

ភ្លាមៗនោះ ក៏មានរថយន្តសង្គ្រោះបន្ទាន់ បានមកដល់ធ្វើការដឹកយកជនរងគ្រោះទាំង៥នាក់ខាងលើ ទៅមន្ទីរពេទ្យផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ និងរាយការណ៍ជូនជំនាញ ឲ្យចុះមកធ្វើការវាស់វែង ស្ទូចរថយន្តបង្ក និងម៉ូតូទាំងពីរគ្រឿង ព្រមទាំងនាំខ្លួនអ្នកបើករថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់