ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តសណ្តោងធុនធំ បើកបុកម៉ូតូអូសជាង២០ម៉ែត្រ របួសធ្ងន់បាក់ជើងឆ្វេង

ភ្នំពេញៈ រថយន្តធុនធំសណ្តោងទ្រុងបែនមួយគ្រឿង បើកបុកម៉ូតូ DUCK ច្រាស់ទិស ជាប់កល់អូសជាង២០ម៉ែត្រ បណ្ដាលឲ្យខ្ទេចស្ទើរទាំងស្រុង និងរងរបួសធ្ងន់ម្នាក់ បាក់ជើងខាងឆ្វេង កាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ភេទប្រុស មានអាយុជាង២០ឆ្នាំ ជិះម៉ូតូធំមួយគ្រឿង ម៉ាកDUCK ពណ៌ខ្មៅ លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1HT-4638 បើកល្បឿនលឿន តាមផ្លូវជាតិលេខ៤ ពីលិចទៅកើត បានជែងរថយន្តខាងមុខជាបន្តបន្ទាប់ លុះដល់ចំណុចកើតហេតុ ជ្រុលបុកចូលរថយន្តធុនធំ សណ្តោងទ្រុងបែនមួយគ្រឿង ពណ៌ស្លែ ធ្វើដំណើរពីកើតទៅលិច បណ្ដាលឲ្យជាប់កង់អូសបញ្ច្រាសចម្ងាយ ជាង២០ម៉ែត្រ ដោយអ្នកបើកម៉ូតូ របួសធ្ងន់បាក់ជើងឆ្វេង ចំណែកម៉ូតូកិនខ្ទេចស្ទើរទាំងស្រុង ហើយរថយន្តបន្ថែមល្បឿន បើកឆ្ពោះទៅលិច ទោះជាមានប្រជាពលរដ្ឋដេញតាម តែឃាត់មិនឈប់ បានត្រឹម ស្គាល់លេខ រ៉ឺម៉កទ្រុងខាងក្រោយ ព្រះសីហនុ 4A-0288 បន្តដំណើរគេចទៅបាត់ ដោយសុវត្ថិភាព ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តគ្លីនិកឯកជន សុធារិទ្ធ បែកចានមកដឹកយកទៅ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុក និងបន្តស្រាវជ្រាវ រករថយន្តបង្ក តាមស្លាកលេខ កន្ទុយរ៉ឺម៉ក៕

មតិយោបល់