ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាយករដ្ឋមន្ត្រី បង្ហាញហេតុផលជុំវិញការដកតំណែង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ

ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា បានបញ្ជាក់ពីហេតុផលនៃការដកតំណែងមន្ត្រីក្រោមឱវាទថា ការចាប់ឃុំរថយន្តរបស់វិទ្យុ ABC នៅប៉ុន្មានថ្ងៃមុននោះ គឺលោកប្រធានមន្ទីរសុខាភិបាល ធ្វើឡើងដោយចិត្តឯង មិនសហការជាមួយសមត្ថកិច្ច ហើយក៏មិនរាយការណ៍ទៅថ្នាក់លើ។ ការបញ្ជាក់ហេតុផលជុំវិញការដកមន្ត្រីរបស់រដ្ឋាភិបាលនេះ សម្ដេចបានផ្សព្វផ្សាយតាមហ្វេសប៊ុកផ្លូវការនាប៉ុន្មាននាទីមុននេះ បន្ទាប់ពីមានការចោទជាចម្ងល់យ៉ាងច្រើនពីសាធារណ:មតិថា ការដកតំណែងលោក សុខ សុគន្ធ នឹងធ្វើឲ្យមន្ត្រីថ្នាក់ក្រោមលេងហ៊ានអនុវត្តច្បាប់។

សម្ដេចបានពន្យល់តាមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៤ ខែសីហានេះថា ការដកតំណែងរបស់លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្ទាប់ពីលោកប្រធានមន្ទីររូបនេះ បានចាប់ឃាត់រថយន្តរបស់វិទ្យុ អេប៊ីស៊ី ហើយមិនបានធ្វើរបាយការណ៍ទៅថ្នាក់លើ លុះចាំបាត់ៗ ហើយក៏មានការងឿងឆ្ងល់ និងការអំពាវនាវឲ្យសម្ដេចជួយ ទើបសម្ដេចលូកដៃអន្តរាគមន៍តែម្ដង។ “ខ្ញុំយល់ថា រឿងតូចតាចបែបនេះ មិនគួរខ្ញុំទៅដោះស្រាយទេ ថ្នាក់ក្រោមដោះស្រាយបានហើយ ព្រោះវិទ្យុ ABC និងបញ្តាញសង្គម Facebook បានផ្សព្វផ្សាយទូលំទូលាយរួចទៅហើយ។ ចាំបាត់ៗ ហើយក៏គ្មានការបកស្រាយណាមួយពីភាគីអ្នកចាប់ ថាមកពីមូលហេតុអ្វីបានចាប់ឡាននេះ”។ សម្ដេចបញ្ជាក់។

សម្ដេចក៏បញ្ជាក់បន្ថែមថា ការចាប់ឃាត់រថយន្តរបស់វិទ្យុអេប៊ីស៊ី ហើយបណ្ដាលឲ្យដកតំណែងលោកប្រធានមន្ទីរ ក៏ដោយសារលោកមិនបានសហការជាមួយសមត្ថកិច្ចដផងដែរ។ សម្ដេចសរសេរបញ្ជាក់យ៉ាងដូច្នេះ “ក្នុងកំណត់ហេតុឃាត់រថយន្ត លោកប្រធានមន្ទីរ បានប្រើប្រាស់តួនាទីជាលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ ហើយប្រត្តិបត្តិការដោយកម្លាំងមន្ទីរសុខាភិបាលទាំងអស់ ដោយគ្មានការចូលរួមពីនគរបាល ឬអាវុធហត្ថ ឬស្ថាប័នអយ្យការនោះទេ បន្ថែមលើនោះ គឺគ្មានរបាយការណ៍មកថ្នាក់លើ ឬស្ថាបន័អយ្យការពាក់ព័ន្ធ បន្ទាប់ពីការឃាត់រថយន្តនោះដែរ”

យ៉ាងណាមិញ សម្ដេចថា ការដកតួនាទីលោកប្រធានមន្ទីរខាងលើ មិនមានន័យថា រដ្ឋាភិបាលបោះបង់គាត់ចោលនោះទេ ដោយសម្ដេចអាចតែងតាំងគាត់ក្នុងមុខតំណែងសមស្របណាមួយនាពេលខាងមុខ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នេះជាការលំបាករបស់សម្ដេច ហើយសង្ឃឹមថា បងប្អូនជនរួមជាតិនឹងយល់។

គួរជម្រាបថា បន្ទាប់ពីមានករណីចាប់ឃាត់រថយន្តរបស់វិទ្យុអេប៊ីស៊ី ដោយសមត្ថកិច្ចរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ សីហា ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាទៅអភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង ឲ្យសម្របសម្រួលដោះស្រាយយករថយន្តនោះប្រគល់ទៅអេប៊ីស៊ីវិញ។ ប៉ុន្មានម៉ោងក្រោយមក សម្ដេចក៏បានទូរស័ព្ទទៅខាងវិទ្យុអេប៊ីស៊ី ប្រកាសផ្ដល់រថយន្តបន្ថែមពីរគ្រឿងទៀតដល់វិទ្យុមួយនេះ បន្ថែមដោយចំណាត់ការបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសុខាភបាល ឲ្យដកតំណែងលោក សុខ សុគន្ធ តែម្ដង៕

samdach hun sen_14-08-16

Hun Sen (4)-13-08-16

មតិយោបល់