រតនគិរីៈ យុវសិស្សម្នាក់របួសធ្ងន់ ខណៈជិះកង់ចេញពីសាលារៀនបំណងទៅផ្ទះ ត្រូវរថយន្តបុកពេញទំហឹង កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចផ្លូវបែកជា៤ មុខវិទ្យាល័យសម្តេចឱ-សម្តេចម៉ែ កណ្តាលក្រុងបានលុង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តសាំយ៉ុងមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2v-9529 ពណ៌ស បើកបរយ៉ាងលឿនលើផ្លូវជាតិលេខ៧៨ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំនុចកើតហេតុ បានបុកយុវសិស្សម្នាក់កំពុងជិះកង់ចេញពីសាលារៀនយ៉ាងពេញទំហឹង បណ្តាលឲ្យយុវសិស្សរងរបួសធ្ងន់។
ប្រភពឲ្យដឹងបន្តថា យុវសិស្សរងគ្រោះ ឈ្មោះ រ៉ាញ់ រួន អាយុ២០ឆ្នាំ រៀនថ្នាក់ទី១០ មានទីលំនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ក្រោយកើតហេតុ រថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល។ ចំណែក ជនរងគ្រោះត្រូវបាននគរបាលចរាចរណ៍ជួយអន្តរាគមន៍ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
បច្ចុប្បន្ន វត្ថុតាងត្រូវបាននគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននាំយកទៅរក្សាទុក ដើម្បីស្វែងរកម្ចាស់រថយន្តមកដោះស្រាយទៅតាមផ្លូវច្បាប់៕
មតិយោបល់