ភ្នំពេញៈ កាលពីវេលាម៉ោង ០៥ កន្លះព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជួលលេខ៨៩A ផ្លូវ២៧១ ស្ថិតក្នុងភូមិទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីជនសង្ស័យ លួចកាច់កម៉ូតូ ១គ្រឿង បានសម្រេច ដោយសុវត្ថិភាព ។
ជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆកា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ និស្សិតសាលា IFL ភាសាជប៉ុន មករៀននៅភ្នំភេញ មានស្រុកកំណើតខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួល កើតហេតុខាងលើ ម៉ូតូដែលបាត់ម៉ាក GPX Demon150GR ពណ៌ ក្រហម ស្លាកលេខ ភ្នំពេញ 1HS-8198 ។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់៖ ករណីខាងលើនេះ មួយរយៈចុងក្រោយនេះ ក្នុងខណ្ឌមានជ័យ នៅតែមានបទល្មើសឆក់លួច មិនសូវថមថយទាល់តែសោះ ខណៈពលរដ្ឋព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ដោយពួកគាត់សូមសំណូមពរទៅលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ ជួយពង្រឹងមន្ត្រីក្រោមឱវាទបន្ថែមទៀត ឲ្យមានសកម្មភាពល្បាតពួនស្ទាក់ ជាប្រចាំផង កុំឲ្យតែក្បាលព្រលប់យប់ជ្រៅមិនទាន់ នាំគ្នារត់ចូលប៉ុស្តិ៍ខណ្ឌអស់ ធ្វើឲ្យពលរដ្ឋរិះគន់តែរឿងដដែលៗពេក។
ជាងនេះទៅទៀត សូមលោកជួយទប់ស្កាត់ល្បែងស៊ីសង ដូចជាហ្គេមបាញ់ត្រី កន្ទុយលេខជាដើមផង កុំចុះបង្ក្រាបបានតែមួយភ្លែត ហើយបើកវិញដដែល ហាក់បីដូចធ្វើឲ្យល្អមើលប៉ុណ្ណោះ៕
មតិយោបល់