ភ្នំពេញៈ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធលើផ្ទៃប្រទេស បាននឹងកំពុងប្រារព្ធពិធីបិទវគ្គបំប៉ននាយទាហាននៃកងរាជអាវុធហត្ថថ្នាក់ឧត្តមសេនីយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក លោក ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ សិក្ខាកាមជាច្រើនរូប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក វរសេនីយ៍ទោ មីកា អែលហ្គីយៀម ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
លោក វរសេនីយ៍ឯក អ៊ុយ សុធា នាយការិយាល័យហ្វឹកហ្វឺន បានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមផែនការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខ១២\២០១៦ ផ.ក. ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ការិយាល័យហ្វឹកហ្វឺនបានទំនាក់ទំនងជាមួយជំនាញផ្សេងៗរៀបចំការរៀនសូត្រឱ្យបានតាមផែនការកំណត់។ លោក វរសេនីយ៍ឯក បានបន្តថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះ មានរយៈពេលសរុបចំនួន១០១ថ្ងៃ មុខវិជ្ជាដែលត្រូវហ្វឹកហ្វឺនរៀនសូត្រមាន៖ វិទ្យាសាស្ត្រសង្គម យោធា កងរាជអាវុធហត្ថ ច្បាប់ និងអប់រំចិត្តសាស្ត្រ៕
មតិយោបល់