ភ្នំពេញៈ លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាបានលើកឡើងថា សហគមន៍អឺរ៉ុប(EU) គេមិនបានផ្តាច់ជំនួយពីកម្ពុជានោះទេ គឺនៅតែបន្តនិងជំរុញកាន់តែទូលំទូលាយថែមទៀតក្នុងការបើកចំហរជើងមេឃ សម្រាប់ផលប្រយោជន៍ប្រជាជននៅលើពិភពលោក ពិសេសជួយលើកកម្ពស់កម្រិតជីវភាពរស់នៅប្រជាជនកម្ពុជា។
ថ្លែងនៅក្រោយជំនួបពិភាក្សាការងារជាមួយក្រុមគណៈប្រតិភូសហភាពអឺរ៉ុប(EU) ដែលដឹកនាំដោយលោក Javier Castillo AlvareZ តំណាងសហភាពអឺរ៉ុប នៅថ្ងៃទី២៨ ខែកក្កដា នៅវិមានរដ្ឋសភា ខណៈមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា លោកបណ្ឌិរដ្ឋ ជាម យៀប បានមានប្រសាសន៍ឱ្យដឹងថា “ទាក់ទងនឹងព័ត៌មានដែលថា EU គេនឹងផ្តាច់ជំនួយពីកម្ពុជានោះ EUគេអត់មាននិយាយពីការផ្តាច់ជំនួយនោះទេ គឺមានតែយើងសុំគេថែមទៀត ដើម្បីឱ្យគេបើកជើងមេឃកាន់តែទូលាយជួយដល់ប្រជាជនកម្ពុជា ដែលត្រូវការជាចាំបាច់ ក្នុងការបង្កើនជីវភាពរស់នៅនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង”។
ពាក់ព័ន្ធករណីលោក សម រង្ស៊ី សុំឱ្យសហភាពអឺរ៉ុបផ្តាច់ជំនួយពីកម្ពុជានោះលោកថា”លោកគ្មានអីពាក់ព័ន្ធនឹងលោក សម រង្ស៊ីទេ តែលោកគ្រាន់តែថាមានតែអ្នកចង់ក្បត់នឹងប្រជាជនកម្ពុជាខ្លួនឯងទេ ដែលគេនិយាយមិនចង់ឱ្យគេផ្តល់ជំនួយមកកម្ពុជា បើសិនជាគេនោះមានគំនិតស្នេហាជាតិ គេនឹងមានគំនិតចង់ឱ្យគេកាន់តែជួយបន្ថែមទៀតដល់កម្ពុជា ធ្វើបែបនេះគឺធ្វើបាបប្រជាជនខ្លួនឯងហើយ ព្រោះប្រជាជនយើងកំពុងត្រូវការជាចាំបាច់ ដើម្បីឱ្យគេជួយគ្រាន់មានដង្ហើមរស់ បែរជាគេសុំផ្តាច់នោះហាក់ដូចជាបិទច្រមុះប្រជាជនកម្ពុជាមិនឱ្យដកដង្ហើម ជាពិសេស គឺកម្មកររបស់យើងផ្ទាល់ដែលមានរាប់សែននាក់ កំពុងបំរើការងារក្នុងពេលបច្ចុប្បន្ន”។
លោកបណ្ឌិតរដ្ឋបន្តថា ក្នុងនាមតំណាងរាស្ត្រនៃរដ្ឋសភា លោកក៏បានស្នើឱ្យសហគមន៍អឺរ៉ុបបន្តជួយដល់កម្ពុជា ដោយសុំឱ្យតំណាងEU ធ្វើយ៉ាងណារាយការណ៍ជូនទៅដល់សហគមន៍អឺរ៉ុបវិញថា កម្ពុជាជាប្រទេសទទួលបានកេរ្តិ៍ឈ្មោះល្បី ខាងស្រូវអង្ករមានគុណភាពលេខ១ ជាអង្ករមានរស់ជាតិឆ្ងាញ់ មិនមានការដាក់ជីគីមីច្រើនដូចបណ្តាប្រទេសផ្សេងៗ។ សុំឱ្យEUបើកទីផ្សារអង្ករ ការបញ្ចេញសំលៀកបំពាក់ និងស្បែកជើង ដែលរោងចក្រសហគ្រាសកម្ពុជាកំពុងតែបំពេញការងាររបស់ខ្លួនឱ្យបានកាន់តែច្រើន និងកាន់តែទូលាយថែមទៀត។ សុំEUជួយលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ឱ្យបានកាន់តែច្រើនថែមទៀត ហើយកម្ពុជានឹងបើកជើងមេឃទូលាយដើម្បីឱ្យទេសចរសហគមន៍អឺរ៉ុបចូលមកកម្ពុជាទាំងលើផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក និងបានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចក្នុងការទទួលទេសចរណ៍មកពីអឺរ៉ុប និងសុំឱ្យEUជួយផ្សព្វផ្សាយពីកម្ពុជាមានកន្លែងវិនិយោគជាច្រើន មានភោគផលធម្មជាតិសំបូរបែប ដែលអាចឱ្យអ្នកវិនិយោគមកពីសហគមន៍អឺរ៉ុបមកធ្វើការវិនិយោគនៅកម្ពុជា។
ទាក់ទងនឹងសំណើខាងលើលោក Javier Castillo AlvareZ តំណាងសហភាពអឺរ៉ុប បានទទួលយកហើយថា នឹងពាំនាំសំណូមពរនេះ ដើម្បីទៅជូនសហគមន៍អឺរ៉ុបបានយល់និងយកមតិយោបល់ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនសហគមន៍អឺរ៉ុបបានជ្រាបពិសេសសំណូមពរ ដែលកម្ពុជាបានលើកឡើង៕
មតិយោបល់