ភ្នំពេញៈ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះលេខ៨២E ខាងកើតសណ្ឋាគារថៃប៉ុនរ៉ុង ប្រមាណ៦០ម៉ែត្រ តាមបណ្តោយផ្លូវ៤០៤ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ប្រទះឃើញបុរសម្នាក់ដេកស្លាប់នឹងមុខផ្ទះគេ។
សាកសពជនរងគ្រោះឈ្មោះ ជួន វណ្ណា ហៅចេះ ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបររត់កង់បីនិងដឹកបន្លែឲ្យគេ ស្នាក់នៅលើប៉ាអ៊ី មុខផ្ទះប្រជាពលរដ្ឋ ដោយមានស្រុកកំណើតនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដោយរត់កង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពែញ 1HB-0120 ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះមកពីស្រុកវិញ ហើយតែងតែត្អូញប្រាប់សន្តិសុខនៅក្បែរថា មិនសូវស្រួលខ្លួន ហើយជនរងគ្រោះខំរកលុយបាន១៤ម៉ឺនរៀល និង៣ដុល្លារ សន្សំទុកឲ្យប្រពន្ធ តែមិនទាន់បានឲ្យប្រពន្ធផង នៅថ្ងៃទី១៨ វេលាម៉ោង ៨យប់ ក៏ត្អូញត្អែរប្រាប់ទៀតថា មិនសូវស្រួលខ្លួន គិតទៅរកឲ្យគេកោសខ្យល់ ប៉ុន្តែមិនបានទៅកោសខ្យល់នោះទេ ក៏ទាញប៉ាអ៊ីមកដេករហូតដល់ភ្លឺម៉ោង៥ព្រឹកទើបសន្តិសុខមកដាស់ តែអកុសលជនរងគ្រោះស្លាប់បាត់ទៅហើយ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គនិងគាំងបេះដូង ហើយបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់