ព័ត៌មានជាតិ

បងប្អូនជីដូនមួយទាស់សម្ដីគ្នា ឈានដល់វាយតប់ បណ្ដាលឲ្យបុរសជាបងស្លាប់នឹងកន្លែងកើតហេតុ

កណ្តាល: កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩ និង ៣០នាទី ស្ថិតភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានករណីហិង្សាមួយកើតឡើង។

ជនរងគ្រោះឈ្មោះ វ៉េង ចេង ភេទប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិ/ឃុំខាងលើ(ស្លាប់) ។
ជនសង្ស័យឈ្មោះ វ៉េង ម៉ៃ ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)។

វត្ថុតាងដកហូតបាន៖
-អេកូពោះ ០១ច្បាប់។
-អេកូចង្វាក់បេះដូង០១ច្បាប់។
-ក្រដាស់មើលគ្រាប់ឈាម ០២ច្បាប់។

ដំណើររឿង៖ កន្លងមកជនសង្ស័យនិងជនរងគ្រោះដែលត្រូវបងប្អូនជីដូនមួយ ធ្លាប់មានបញ្ហាទំនាស់ព្រំដីជាមួយគ្នាជាង២០ឆ្នាំរួចមកហើយ រហូតធ្វើឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងបីដងមកហើយ
នៅមេភូមិ។ លុះដល់វេលាម៉ោងកើតហេតុ មេភូមិបានហៅជនសង្ស័យនិងជនរងគ្រោះ មកសម្រួលគ្នាដោយនិយាយជាមួយជនសង្ស័យថាឲ្យជនរងគ្រោះសុំផ្លូវឲ្យឡានដឹកដី ដឹកដីចាក់ក្រោមផ្ទះនិងមុខផ្ទះខណ:នោះ ជនសង្ស័យប្រកែកថា៖ អញមិនឲ្យទេអាឆ្កែនិងវាប្តឹងអញបីដង ក្រោយឮដូចនេះជនរងគ្រោះក៏ជេរអាឆ្កែតបទៅវិញ ហើយស្ទុះក្រោកពីអង្រឹងមកឈរមុខផ្ទះ ជេរគ្នាពាក្យឆ្កែទៅវិញទៅមកហើយអ្នកទាំងពីរបានស្ទុះវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ឃើញចឹងលោកមេភូមិបានចូលទៅឃាត់អ្នកទាំងពីរនាក់ចេញពីគ្នា ដោយលោកមេភូមិនៅឈរកណ្តាលរួចដេញជនសង្ស័យឲ្យទៅផ្ទះហើយជនរងគ្រោះត្រូវបានអ្នកជិតខាងគ្រាយកមកអង្គុយនៅលើគ្រែក្រោមផ្ទះ ប្រហែល០២នាទីជនរងគ្រោះដួលធ្លាក់ពីលើគ្រែស្លាប់តែម្តង។

បន្ទាប់មកកូនជនរងគ្រោះឈ្មោះ ចេង ហឿន ភេទស្រី បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សំរោងធំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយទទួលបណ្តឹងកម្លាំងជំនាញស្រុកកៀនស្វាយសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលសំរោងធំចុះទៅដល់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យទៅសួរនាំ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យសារភាពថាខ្លួនពិតជាបានវាយប្រតាយប្រតប់ជាមួយជនរងគ្រោះប្រកដមែន។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើកោសល្យវិច័យលើជនរងគ្រោះ ឃើញថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ហើយប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់