ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពីបទហិង្សាដោយចេតនា កាប់យុវជនម្នាក់ស្លាប់ នៅក្រុងសៀមរាប

សៀមរាប: នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់៖
១- ជនសង្ស័យឈ្មោះ វ៉ន វ៉ែន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងភ្លើង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប
២- ជនសង្ស័យឈ្មោះ គង់ សូរិយា ហៅយ៉ា ឬ ទើយ អាយុ ១៩ឆ្នាំ បច្ចុប្បន្ននៅភូមិវាល សង្កាត់សំបួរ ក្រុង-ខេត្តសៀមរាប
៣- ជនសង្ស័យឈ្មោះ ងួន ធារ៉ា ហៅ ហល់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប
៤- ជនសង្ស័យឈ្មោះ លុន ចម្រើនរិទ្ធ ហៅវិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ពាក់ព័ន្ធ អំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះស្លាប់។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រ ជនរងគ្រោះឈ្មោះ ហេង វិឆាយ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករទិញ-លក់អេតចាយ មានទីលំនៅបច្ចុប្បន្ន នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប និងបក្ខពួកចំនួន ០៣នាក់ទៀត បាននាំគ្នាចូលទៅផឹកស៊ី និងរាំលេងនៅក្នុងក្លឹប កាឡាក់ស៊ី ដែលមានទីតាំងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ពេលដែលចូល រាំលេងក្នុងក្លឹប ក៏មានការឈ្លោះប្រកែកគ្នាជាមួយនឹងបក្ខពួកក្រុមក្មេងស្ទាវម្ខាងទៀត ដែលគេពុំធ្លាប់ស្គាល់ ហើយមានការវាយតប់គ្នាទៅវិញទៅមក ប៉ុន្តែមិនបណ្ដាលឲ្យអ្នកណាមួយរងរបួសនោះទេ បន្ទាប់មកនៅវេលាម៉ោង ០២នឹង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ ជនរងគ្រោះឈ្មោះ ហេង វិឆាយ និងបក្ខពួករបស់គេខាងលើ បាននាំគ្នាចេញពីក្លឹប ជិះម៉ូតូចេញ ពីក្លឹបខាងលើ ក្នុងគោលបំណង ទៅផ្ទះពេលជិះដល់ចំណុចខាងក្រោយសណ្ឋាគារសូហ្វីតែល ស្ថិតនៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គុំ ជិះម៉ូតូតាមផ្លូវ ពីទិសខាងត្បូងទៅទិសខាងជើង ជិះដល់ចំណុច ខាងលើក៏មានមនុស្សមួយក្រុម ដែលជាក្មេងស្ទាវស្ទាវ មានគ្នាជាច្រើននាក់ ពុំធ្លាប់ស្គាល់គ្នា និងម៉ូតូប្រហែល ០៦គ្រឿង បានធ្វើសកម្មភាពប្រើកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះឈ្មោះ ហេង វិឆាយ ត្រូវចំក្បាលប៉ែកខាងស្ដាំ បណ្ដាលឲ្យមុតរយះ ប្រវែង១៥សង់ទីម៉ែត្រ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់បានជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប។

បន្ទាប់មកនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចបាន ស៊ើបអង្កេត និងស្រាវជ្រាវ ហើយកំណត់មុខសញ្ញានឹង នាំខ្លួនជនសង្ស័យចំនួន០៤នាក់ ខាងលើមកសួរនាំ។ ក្រោយពីការសាកសួរទាំង០៤នាក់ បានឆ្លើយសារភាពថាពួកគេ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូ ដេញកាប់ ទៅលើជនរងគ្រោះខាងលើពិតប្រាកដមែន ក្នុងការធ្វើសកម្មភាពនេះ គឺមានបក្ខពួកចំនួនពីរនាក់ទៀត បានចូលរួមធ្វើសកម្មភាពកាប់ជាមួយដែរគឺជនសង្ស័យទី១-ឈ្មោះ ចិន មិនស្គាល់ត្រកូល ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រុម/ខេត្តសៀមរាប។ ជនសង្ស័យទី២- ឈ្មោះសិទ្ធិ មិនស្គាល់ត្រកូល ភេទប្រុសអាយុប្រហែល ១៨ឆ្នាំ មិនស្គាល់ទីលំនៅ។

ដោយឈ្មោះ ចិន ជាអ្នកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះផ្ទាល់ពេលនោះឈ្មោះ ចិន និងឈ្មោះ សិទ្ធិ បានរត់គេចខ្លួនបាត់ មិនដឹងទៅទីណានោះទេ ហើយសមត្ថកិច្ចបានចាប់យក កាំបិតខ្វែវបានចំនួនមួយដើមពីក្នុងផ្ទះរបស់ឈ្មោះ ចិន គឺជាកាំបិតខ្វែវដែលជនសង្ស័យធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់