ព័ត៌មានជាតិ

កម្មកររោងចក្រទឹកក្រូចម្នាក់ ចេញពីផ្ទះជួលទៅធ្វើការ ជួបចោរឆក់ បណ្ដាលឲ្យដួលម៉ូតូរងរបួស នៅខណ្ឌដង្កោ

ភ្នំពេញៈ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៥និង៤០នាទី មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ត្រង់ចំណុចខាងត្បូងសាលាសង្កាត់ព្រៃស ផ្លូវបេតុង ស្ថិតក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ង៉ុយ ភារម្យ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មកររោងចក្រទឹកក្រូច ស្នាក់នៅផ្ទះជួលលេខ១៧ ភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ឈ្មោះ ទឹម ផល្លា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

វត្ថុតាងមាន៖ ទូរស័ព្ទដៃម៉ាក Mi ពណ៌ទឹកមាសមួយគ្រឿង (របស់ជនសង្ស័យ)។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូឌុប ចេញពីផ្ទះជួលទៅធ្វើការ លុះមកដល់ចំណុចខាងលើ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះមកអែមរួចធ្វើសកម្មភាពឆក់តែម្ដង បណ្ដាលឲ្យម៉ូតូទាំង ២គ្រឿង ដួលមនុស្សរងរបួស ចំណែកជនសង្ស័យដួលម៉ូតូភ្លាមលើកឡើងជិះរត់បាត់ស្រមោល រហូតដល់វេលាម៉ោង ១០ថ្ងៃដដែល សមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី ក្រោយទទួលបានចម្លើយសារភាពរបស់ពួកគេថា ខ្លួនពិតជាបានប្រព្រឹត្តប្រាកដមែន៕

មតិយោបល់