ព័ត៌មានជាតិ

ទុកម៉ូតូចោល ចូលទៅរៀបបន្លែឲ្យប្រពន្ធមួយភ្លេត ងាកមកវិញឃើញជនសង្ស័យជិះម៉ូតូចេញ ស្រែកផ្អើលពេញផ្សារ

កណ្ដាល: កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៥ និង ០០នាទីព្រឹក ត្រង់ចំណុចក្នុងផ្សារព្រែកដាច់ ស្ថិតភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល មានករណីលួចមួយកើតឡើង។

ជនរងគ្រោះឈ្មោះ ផាន សុធា ភេទប្រុស អាយុ ៣៦ ឆ្នាំជនជាតិ ខ្មែរមុខរបរលក់បន្លែ មានទីលំនៅភូមិ/ឃុំខាងលើ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣០ ឆ្នាំ ។

វត្ថុតាងដកហូតបានម៉ូតូចំនួន០២ គ្រឿង៖
-ម៉ាក HONDA សេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ កណ្តាល 1X-6096 ជារបស់ជនរងគ្រោះ
-ម៉ាក HONDA សេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1D-7709 ជារបស់ជនសង្ស័យទុកចោលកន្លែងកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូដឹកបន្លែទៅឲ្យប្រពន្ធលក់នៅផ្សារព្រែកដាច់ ពេលជញ្ជូនបន្លែជិតរួចហើយកំពុងរៀបបន្លែក្នុងតូប ដោយទុកទាំងសោរនៅជាប់ម៉ូតូដែលមានចម្ងាយប្រហែល៣ម៉ែត្រពីតូប ពេលកំពុងតែរៀបបន្លែស្រាប់តែក្រឡេកឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួនចេញទៅ ជនរងគ្រោះបានស្រែកថា៖ ចោរៗ រួចទាញម៉ូតូ១គ្រឿងទៀត ដេញតាមពីក្រោយ ដោយឃើញម្ចាស់ដេញ តាមពីក្រោយជនសង្ស័យក៏បត់ចូលផ្លូវលំ ព្រែកថ្មី ស្ថិតឃុំពាមរាំងស្រុកលើកដែក ហើយផ្តួលម៉ូតូចោល រត់គេចខ្លួនចូលព្រៃពោតបាត់តែម្តង។ បន្ទាប់មកជនរងគ្រោះបានយកម៉ូតូរបស់ខ្លួន យកមកប៉ុស្តិ៍រាយការណ៍ ជូនសមត្ថកិច្ច។

បន្ទាប់ពីទទួលបណ្ដឹង សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុស្រាវជ្រាវចាប់យក វត្ថុតាងរួចបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់