ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយអភិបាលខណ្ឌផ្ទាល់ បានចុះទៅធ្វើការបង្រ្កាបទីតាំងម៉ាស្សា ២កន្លែង ដែលមានថៅកែជាជនជាតិចិន និងមានបង្កប់សេវាផ្លូវភេទនៅក្នុងនោះផងដែរ ដោយកម្លាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាជនជាតិចិនចំនួន ១២នាក់ ក្នុងនោះមានស្រ្តីចំនួន ១០នាក់ដែលសង្ស័យថាជាស្រ្តីស៊ីផ្លូវភេទ និងបុរស២នាក់ជាមេកា។
កិច្ចប្រតិបត្តិការខាងលើធ្វើនៅវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅក្នុងហាងម៉ាស្សាយីហោ អ៊ីហុងយ៉ាន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមអជ្ញាធរបានឲ្យដឹងថា ទីតាំងម៉ាស្សាទាំង ២កន្លែងនេះ មានបំពាក់ស្លាកយីហោជាអក្សរចិនគ្រប់គ្រងដោយស្រ្តីជនជាតិចិនម្នាក់ ឈ្មោះ ភីង អ៊ី អាយុ៥០ឆ្នាំ ហើយមិនមានការអនុញ្ញាត និងច្បាប់ត្រឹមត្រូវឲ្យបើកដំណើរឡើយ។
ខាងក្រៅដាក់ស្លាក និងរូបម៉ាស្សា ប៉ុន្តែតាមការពិត ជាកន្លែងដែលបម្រើសេវាផ្លូវភេទទៅវិញទេ ដោយសារតែមានការសង្ស័យកម្លាំងបានធ្វើការស្រាវជ្រាវ ទើបដឹងថាទីនេះល្មើសច្បាប់ក៏ចុះបង្ក្រាបតែម្ដង៕









មតិយោបល់