ព័ត៌មានជាតិ

បុរសម្នាក់ប្រើប្រាស់សារធាតុញៀន វាយធ្វើបាបប្រពន្ធជាច្រើនលើក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់ហិង្សា ។

ជនរងគ្រោះឈ្មោះ អូន ស្រីនាវ ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំខាងលើ (ប្រពន្ធ)។
ជនសង្ស័យឈ្មោះ ខាន់ ចម្រើន ហៅបារាំង ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ/ឃុំកើតហេតុត្រូវជាប្តី(ឃាត់ខ្លួន)។

ដំណើររឿង៖ នាពេលកន្លងមកជនសង្ស័យបានប្រើប្រាស់និងជួញដូរសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនដាក់ពន្ធនាគារខេត្តកណ្ដាល១លើកនិងពន្ធនាគារព្រៃស១លើកដែរ។ និងធ្លាប់ប្រើអំពើហិង្សាក្នុងគ្រួសារវាយប្រពន្ធជាច្រើនលើកមកហើយ ក្រោយមកដោយមិនអាចរស់នៅជាមួយគ្នាជនរងគ្រោះក៏គេចចេញពីផ្ទះទៅរកការងារធ្វើឯរាជធានីភ្នំពេញ។
លុះដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧ និង ០០នាទី ជនសង្ស័យបានជិះម៉ូតូឌុបឈ្មោះ បា តាំ ទៅរាជធានីភ្នំពេញ។ ខណ:វេលាម៉ោង ១ និង ០០នាទីរំលោងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ជនសង្ស័យជួបជាមួយជនរងគ្រោះនៅហាងម៉ាស្សាកោសជប់ ក្នុងសង្កាត់បឹងត្របែក ពេលនោះជនសង្ស័យនាំជនរងគ្រោះមកផ្ទះវិញព្រមទាំងវាយជនរងគ្រោះតាមផ្លូវ ហើមជាំជាច្រើនកន្លែង ខណ:មកដល់ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលជនសង្ស័យនាំជនរងគ្រោះចូលផ្ទះសំណាក់ហើយវាយត្រូវចំមុខជាច្រើនដៃទៀត រួចយកកូនសោរម៉ូតូចាក់ត្រូវក្បាលនិងខ្នងដៃខាងឆ្វេង នៅបង្ខំឲ្យរួមភេទជាមួយពីរលើកទៀត។
ខណ:មកដល់ម៉ោង២ និង ០០នាទីរសៀលថ្ងៃដដែលជនរងគ្រោះរត់ចេញពីផ្ទះសំណាក់ ចំណែកជនសង្ស័យត្រឡប់ទៅផ្ទះវិញមានទំនាស់ជាមួយឈ្មោះ អូន អ៊ីរ៉ាត់ ភេទប្រុស ត្រូវជាប្អូនថ្លៃ ហើយឈ្មោះ អូន អ៊ីរ៉ាត់បានកាប់ជនសង្ស័យរងរបួស ទើបនាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសម:រាជធានីភ្នំពេញ។

ក្រោយចេញពីមន្ទីរពេទ្យជនសង្ស័យមកស្នាក់នៅផ្ទះរបស់ខ្លួនវិញឯជនរងគ្រោះមិនហ៊ានចូលទៅរស់នៅក្នុងផ្ទះទេ ខ្លាចជនសង្ស័យប្រើអំពីហិង្សាលើខ្លួនទៀត។ រហូតដល់ថ្ងៃខាងលើទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

មតិយោបល់