ព័ត៌មានជាតិ

ផឹកស៊ីជាមួយមិត្តភក្ដិ លុះស្រវឹងមកផ្ទះ មិនឃើញប្រពន្ធ និងកូន ទៅទ្បើងលើដំបូលផ្ទះម្ដាយក្មេក ដើម្បីរក បង្កការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ: កាលពីម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមផ្លូវបេតុង ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានករណីបុរសម្នាក់ បានឡើងលើដំបូលផ្ទះម្ដាយក្មេក បង្កឱ្យមានការភ្ញាក់ផ្អើល។

បុរសខាងលើឈ្មោះ យ៉ុង សុភ័ក្រ អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ-ឃុំកើតហេតុ មានប្រពន្ធនិងកូនស្រី ២នាក់។

ដំណើររឿង៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ បុរសខាងលើ បានចេញពីផ្ទះទៅផឹកស៊ី ជាមួយនឹងមិត្តភក្តិ។ លុះដល់ពេលស្រវឹង បានមកផ្ទះវិញ មិនឃើញប្រពន្ធ និងកូន ក៏ដើររកតែមិនឃើញ។ រហូតដល់ម៉ោង១២យប់ បុរសខាងលើ ក៏មកផ្ទះម្ដាយក្មេក តែត្រូវម្ដាយក្មេកបិទភ្លើងបិទទ្វារ ទើបចូលទៅក្នុងមិនកើត ក៏សម្រេចចិត្តឡើងលើដំបូលផ្ទះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងពលរដ្ឋក្បែរខាង។

ក្រោយសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានហៅបុរសខាងលើ ឲ្យចុះមកក្រោមវិញ តែគាត់ឆ្លើយថា មិនហ៊ានចុះទេ ខ្លាចបងប្អូនវ៉ៃ។

ដោយមានការលួងលោម និងសម្របសម្រួលពីសមត្ថកិច្ច ទើបបុរសខាងលើ ព្រមចុះមកដីវិញ ហើយក៏បានលុតជង្គង់ សូមទោសបងប្អូន និងអ្នកជិតខាងផងដែរ៕

មតិយោបល់