ព័ត៌មានជាតិ

យុវជនម្នាក់ ឈរលក់ថ្នាំញៀន នៅក្នុងរោងបុណ្យភូមិ ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ

កណ្តាល: កាលពីវេលាម៉ោង៤ និង២០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ ២០២០ ត្រង់ចំណុចស្នាក់ការបុណ្យ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។

ជនសង្ស័យឈ្មោះ យ៉ាន សុផារ៉ូ ហៅរ៉ូត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្ន នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

វត្ថុតាងដកហូត៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យថា សារធាតុញៀន (ម៉ាទឹកកក)១៤កញ្ចប់ ក្នុងនោះមធ្យម០៣កញ្ចប់ និង តូច១១កញ្ចប់។
-កាំភ្លើងច្នៃចំនួន០១ និងគ្រាប់កង់មួយចំនួន។
-ទូរស័ព្ទដៃ ០១គ្រឿងម៉ាកណូគាចុចពិល ។
-ថង់វេចខ្ចប់ថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលបែកចាន បានទទួលព័ត៌មានពីពលរដ្ឋថា មានមុខសញ្ញាជួញដូរ នៅរោងបុណ្យភូមិ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍ បានសហការជាមួយ កម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យម្នាក់ កំពុងឈរនៅក្នុងរោងបុណ្យ ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ ឆែកត្រួតពិនិត្យរកឃើញថ្នាំញៀន កាន់ក្តាប់ក្នុង ដៃខាងឆ្វេងចំនួន១៤កញ្ចប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានទៅទិញថ្នាំញៀន ពីបុរសម្នាក់មិនស្គាល់ នៅម្តុំក្តាន់២ ភ្នំពេញ ដើម្បីយកមកលក់បន្ត។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់តាមផ្លូវច្បាប់៕

មតិយោបល់