ភ្នំពេញៈ បុរសម្នាក់ ដែលគេអះអាងថា ជាជនអនាថា ត្រូវបានកម្មករសំណង់ ប្រទះឃើញដេកស្តូកស្តឹងក្អួតធ្លាក់ឈាម នៅលើដងផ្លូវ ក្នុងដីវាលក្រុមហ៊ុន OCIC ក៏រាយការណ៍ ប្រាប់នគរបាលហៅរថយន្តបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៦និង១០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងដីវាលភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បុរសរូបនោះ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ អត់អាវស្លៀកខោខ្លី អត់ស្បែកជើង ដោយសមត្ថកិច្ច អះអាងថា ជាមនុស្សអនាថា ។
តាមព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ កម្មករសំណង់ បានធ្វើដំណើរទៅធ្វើការ លុះមកដល់ចំណុចខាងលើ ក៏ប្រទះឃើញបុរសរូបនោះ ដេកស្តូកស្តឹង ដោយក្អួតធ្លាក់ឈាម ទើបរាយការណ៍ប្រាប់សន្តិសុខ និងនគរបាលមូលដ្ឋាន។
សមត្ថកិច្ច បានឲ្យដឹងថា បុរសអនាថារូបនោះ មិនមាននណា វាយដំនោះទេ គឺក្អួតធ្លាក់ឈាម ដោយសារតែជំងឺប្រចាំកាយ៕
មតិយោបល់