ភ្នំពេញៈ កាលពីវេលាម៉ោង ០៩ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងផ្ទះសំណាក់បឹងលាភលេខ ២៨៧ ក្រុម៥ ផ្លូវបេតុ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សមត្ថកិច្ច បានឃាត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ម្នាក់ ពីបទហិង្សាដោយចេតនា។
ជនសង្ស័យឈ្មោះ ហ៊ឹម សុធាណារ៉ាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ នគរបាលអន្តរាគមន៍ ស្នាក់នៅផ្ទះលេខ២៣ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ គឺរងរបួស ត្រង់កំភួនដៃ ក្រោយកើតហេតុ បានឡើងជិះម៉ូតូឌុបទៅមន្ទីរពេទ្យបាត់ទៅ។
វត្ថុតាងដកហូតបាន រួមមាន៖
-កាំបិតតាំងតោចំនួន០២
-ម៉ូតូ១គ្រឿងម៉ាក GBIX ពណ៌ខ្មៅ ពាក់ផ្លាកកលេខ ភំ្នពេញ 1HR-7974
-វិទ្យុទាក់ទង MOTOROLA លេខ736180 មួយគ្រឿង
-ទូរសព្ទ័ចំនួន០២គ្រឿងម៉ាក
-VIVO ពណ៌ខ្មៅ និងមួយគ្រឿងទៀតម៉ាក iPhone 7ផ្លើស ពណ៌ខ្មៅ។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាកើតហេតុ ជនសង្ស័យ បានជិះម៉ូតូ ចេញមកពីផ្ទះ នៅខណ្ឌសែនសុខ មកកាន់ផ្ទះសំណាក់ខាងលើ រួចបានដើរចូលមកសួររកបន្ទប់ជនរងគ្រោះ តែមេការផ្ទះសំណាក់បឹងលាភ បានឆ្លើយថា គ្មានមនុស្សនោះទេ។ មួយសន្ទុះក្រោយមក ជនសង្ស័យ បានឈរមើលទៅកាំមេរ៉ាសុវត្ថិភាព ក្នុងផ្ទះសំណាក់ ស្រាប់តែឃើញជនរងគ្រោះ ដើរចុះមកខាងក្រោមដល់ជាន់ទី១។ ពេលនោះ ជនសង្ស័យ ដកកាំបិតបុ័ងតោចេញពីកាបូប ហើយរត់ទៅកាប់ជនរងគ្រោះ បណ្ដាលឲ្យរងបួសត្រូវចំដៃតែម្ដង។
មូលហេតុ៖ ផ្ដើមចេញពីភ្លើងប្រចណ្ឌ ដោយសារជនរងគ្រោះ ទាក់ទងប្រពន្ធរបស់ជនសង្ស័យ។
ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ យកសាកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់