ព័ត៌មានជាតិ

Updated៖ ម្ចាស់អង្គុយអស់សង្ឃឹម ទើបទិញអេស្ការវ៉ាទ័រតម្លៃ ១៤ម៉ឺនដុល្លារ ទៅស៊ីឈ្នួលកាយដីឲ្យគេ ឆ្លងចរន្តឆេះសល់តែដែកអេតចាយ

ស្ទឹងត្រែង: ទើបតែទិញអេស្ការវ៉ាទ័រតម្លៃ ១៤ម៉ឺនដុល្លារ ទៅស៊ីឈ្នួលកាយដីឲ្យគេស្រាប់តែឆ្លងចរន្តឆេះសល់តែដែកអេតចាយ ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១១និង១៥នាទីព្រឹក ចំណុចផ្លូវបំបែកចូលចុងភូមិត្រពាំងព្រៃ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ដំណើររឿង៖ មុនពេលកើតហេតុ អេស្ការវ៉ាទ័រកំពុងកាយប្រឡាយរំដោះទឹកសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆេះឡើង ម្ចាស់សង្ស័យថា អាចឆ្លងចរន្ត ឬបែកទុយយោប្រេងធ្លាក់មកលើម៉ាស៊ីន ទើបបង្កជាអណ្តាតភ្លើង ឆេះឡើងយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យម្ចាស់ហួសចិត្ត ភ័យស្លន់ស្លោ និងសោកស្តាយព្រោះគ្រឿងចក្រនេះ ទើបតែទិញគេតម្លៃ ១៤ម៉ឺនដុល្លារ មិនទាន់យកចូលផ្ទះផងនោះ ស្រាប់តែមានហេតុការណ៍ដូច្នេះ។
ម្ចាស់អេស្ការវ៉ាទ័រមានឈ្មោះ ប៉ុន ចាន់ឌី មានស្រុកកំណើតនៅ ស្រុកអូរជ្រៅ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នរស់នៅ ភូមិត្រពាំងព្រៃ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ករណីនេះភ្លាមៗក៏មានបងប្អូនជិតខាង មានឡានទឹកជួយពន្លត់ ក្រោយពេលរលត់ជិតអស់ហើយ ទើបមានរថយន្តពន្លត់អគ្គិភ័យ របស់អធិការស្រុកថាឡាបរិវ៉ាត់ មកជួយពន្លត់ដែរ ចំណែកតៃកុងរងរបួស៕

មតិយោបល់