ព័ត៌មានជាតិ

Update៖ រថយន្តហាយប្រ៊ីដបោះពួយយ៉ាងលឿន ដល់ផ្លូវកោងមិនបន្ថយល្បឿន បុករៈរថយន្តនិងម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់និងរបួសធ្ងន់ចំនួន៥នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ១២ និង ២០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចមុខអាហារដ្ឋានឬស្សីស្រស់ KTV តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីរថយន្តកាមរីហាយប្រ៊ីតបុករ:រថយន្តនិងម៉ូតូជាច្រើនគ្រឿង។

ដំណើររឿង: មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក តូយូតាកាមរីហាយប្រ៊ីដ ពណ៌ត្រេអ៊ី គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណ:មកដល់ត្រង់ចំណុចខាងលើជាផ្លូវកោងមិនបានបន្ថយល្បឿនក៏ជ្រុលចង្កូតបុករ:ទាំងអ្នកដំណើរ និងរថយន្តមួយគ្រឿងម៉ាក ព្រូស ព្រមទាំងម៉ូតូជាច្រើនគ្រឿងដែលចតនៅមុខហាង បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងឡើងលើ ចំណែកយានយន្តដែលត្រូវបុករងការខូចខាតយ៉ាងដំណំ ប៉ុន្តែប៉ុណ្ណោះបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់មួយរំពេច និងមនុស្សចំនួន៥នាក់រងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង ឃាត់ខ្លួនជនបង្ករួមទាំងវត្ថុតាងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់