ព័ត៌មានជាតិ

ខ្ទាតសណ្តែកបណ្ដុះពេញផ្លូវ! រថយន្តពីរគ្រឿងបុកគ្នាយប់មិញ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: កាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែមីនាឆ្នាំ ២០២០ ត្រង់ចំណុចមុខផ្សារជម្ពូវ័ន តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា។

ហេតុការណ៍នេះ បណ្ដាលឲ្យខូចខាតរថយន្តទាំងសងខាង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-7984 ធ្វើដំណើរពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគូទរថយន្តហាយឡែនឌ័រ ដឹកសណ្ដែកបណ្ដុះ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AM-4900 ពេញទំហឹង បណ្តាលឲ្យជ្រុះសណ្តែកបណ្ដុះរាយពេញផ្លូវ និងដូចខាតរថយន្តទាំងសងខាង។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់