ព័ត៌មានជាតិ

មេការសំណង់ម្នាក់ ទាស់ពាក្យសម្តីគ្នា ទាញដំបងឫស្សីវាយបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់

តាកែវ: គ្រាន់តែរឿងទាស់ពាក្យសម្តីគ្នាបន្តិចបន្តួចសោះ ធ្វើឲ្យមេការសំណង់ម្នាក់ ប្រើអំពើហិង្សាដោយចេតនា បានទាញដំបងឫស្សី វាយទៅលើបុរសម្នាក់រងរបួសធ្ងន់ ត្រូវប៉ូលិសចាប់ខ្លួនដាក់ខ្នោះ ចំណែកជនរងគ្រោះ បញ្ជូនចូលពេទ្យ ។
ករណីហិង្សានេះ កើតឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៨និង៥៥នាទី ស្ថិតក្នុងការដ្ឋានសំណង់ នៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈិត ប៊ុនណន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមេការសំណង់ មានទីលំនៅភូមិសាសូវ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុត ដា ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិឃុំជាមួយគ្នា ។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់៕

មតិយោបល់