បន្ទាយមានជ័យៈ លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងក្រោមឱវាទ និងមានការចូលរួមពីលោក នង ធឿន អភិបាលរងក្រុង ចៅសង្កាត់និមិត្ត និងសហការី ព្រមទាំងព្រះតេជគុណ ព្រះចៅអធិការវត្តកូនដំរី ស្ថិតក្នុងសង្កាត់និមិត្ត បានយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាក និងជម្ងឺប្រចាំកាយចំនួន០៤គ្រួសារ កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គ្រួសារទី១ មានជម្ងឺ លើសឈាមធ្ងន់ធ្ងរទាំងពីរនាក់ប្តីប្រពន្ធទទួលបាន អង្ករ៥០គីឡូក្រាម ប៊ីចេង២គីឡូក្រាម ស្ករស២គីឡូក្រាម អំបិល២គីឡូក្រាម ខ្ទឹមស២គីឡូក្រាម សាច់មាន់៤គីឡូក្រាម មី២កេស ទឹកត្រី៣យួរ ទឹកស៊ីអ៊ីវ៣យួរ ប្រេងឆា៣ដប ទឹកសុទ្ធ៧យួរ ចានស្រាក់១ឈុត ត្រីខ២៤កំប៉ុង និងថវិកា៧០ម៉ឺនរៀល។ និង ៣គ្រួសារទៀត ក្នុង១គ្រួសារ ទទួលបានថវិកា៤៨ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់មួយចំនួន។
គួរបញ្ជាក់ថា ថវិកាទាំងនេះ បានមកពីការចូលរួម របស់កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អាជ្ញាធរមូលដ្ឋាន និងសប្បុរសជនមួយចំនួន សរុបជាទឹកប្រាក់ជាង៥លានរៀល៕
មតិយោបល់