កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មនុស្សប្រុសស្រី២នាក់ បើកម៉ូតូឌុបគ្នាឆ្លងផ្លូវ ពុំមើលក្រោយធ្វើឲ្យរថយន្តមួយគ្រឿងបើកបុក បណ្ដាលឲ្យរងរបួសធ្ងន់ រីឯអ្នកបើករថយន្តរងរបួសស្រាល
។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៣និង១០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២០_២១ ចំណុចភូមិព្រែកថ្មីឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់មានគ្នា២នាក់ ទី១_ឈ្មោះ ឆាន សារ៉ាន់ ភេទប្រុសអាយុ៣៨ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកសង់កូរ៉េ ធុនសេ១០០ គ្មានស្លាកលេខ និងទី២_ឈ្មោះ មន ស៊ីនួន ភេទស្រីអាយុ៣៥ឆ្នាំ ជាអ្នករួមដំណើរ ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិព្រែកថ្មីឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកភាគីខាងរថយន្តឈ្មោះ ជា ឡង់ឌី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Q1356 ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូ បានបើកម៉ូតូតាមបណ្ដោយផ្លូវក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងឆ្លងផ្លូវ ខណៈនោះក៏មានរថយន្តមួយគ្រឿងបើកស្របទិសគ្នាមកពីក្រោយបានបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់២នាក់ បន្ទាប់ពីម៉ូតូ រថយន្តបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបន្ថែមទៀត បណ្ដាលឲ្យរងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវសមត្ថកិច្ចធ្វើការពិនិត្យវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់