បាត់ដំបងៈ យ៉ាងហោចណាស់កម្មករប្រមាណ២០០នាក់ បាននឹងកំពុងធ្វើការតវ៉ា និងទាមទាលើគោលការណ៍បញ្ចូលកម្មករអណ្តែត ឲ្យចូលជាកម្មករពេញសិទ្ធិ ដោយសារតែមានកម្មករខ្លះធ្វើការរហូតជិតមួយឆ្នាំទៅហើយ នៅតែមិនទាន់បានពេញសិទ្ធិទៀត ដើម្បីទទួលបាននូវរបបប្រាក់បន្ថែម៣មុខ លើប្រាក់បៀវត្សធម្មតា។
គួរបញ្ជាក់ថា រោងចក្រផលិតស្បែកជើងនេះ គឺជាវិនិយោគរបស់ជនជាតិថៃ ដែលមានទីតាំងស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានឈ្មោះ “អ៊ែរ៉ូសហ្វ សាំមីត ហ្វូតវែរ” ហើយក៏ធ្លាប់មានបញ្ហាជាច្រើនលើក ច្រើនសារមកដែរ ប៉ុន្តែគេមិនសូវឃើញមានការទទួលស្គាល់ ឬធ្វើការដោះស្រាយរាល់សំណូមពររបស់កម្មករនោះទេ ដែលជាបញ្ហាមួយពង្រីកឲ្យកាន់តែធំទៅៗ។
លុះនៅវេលាម៉ោង៨និង២៥នាទី ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ មានការតវ៉ាពីសំណាក់កម្មករប្រមាណ២០០នាក់នៅខាងមុខរោងចក្រ ដោយម្នាក់ៗមិនព្រមចូលទៅធ្វើការនៅក្នុងរោងចក្រឡើយ ដោយការតវ៉ានេះ គឺពួកគេបានផ្តោតទៅលើគោលការណ៍ តែម៉្យាងគត់ គឺ សំណូមពរដល់ភាគីរោងចក្រឲ្យបញ្ចូលកម្មករអណ្តែត ទៅជាកម្មករពេញសិទ្ធិត្រឹមតែរយៈពេល៣ខែប៉ុណ្ណោះ ព្រោះបើតាមសេចក្តីរាយការណ៍មក គឺមានកម្មករជាច្រើននាក់ ដែលខ្លះចូលធ្វើការជិតមួយឆ្នាំហើយ នៅមិនទាន់បានពេញសិទ្ធិទៀត ដូច្នេះពួកគេទាំងអស់គ្នាសុំសំណូមពរតែមួយប៉ុណ្ណោះ។
កម្មការនីម្នាក់ឈ្មោះ សេង សុធា អាយុ២៦ឆ្នាំ រស់នៅភូមិចក្រីឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ដែលបានមកធ្វើការនៅក្នុងរោងចក្រនេះទាំងពីរនាក់ប្តីប្រពន្ធបានរៀបរាប់ថា ពួកគេគ្មានទាមទារអ្វីច្រើននោះទេ គឺគ្រាន់តែសុំឲ្យរោងចក្របញ្ចូលឈ្មោះកម្មករអណ្តែតទៅជាកម្មករពេញសិទ្ធិតែត្រឹមរយៈពេល៣ខែបានហើយ ដើម្បីឲ្យពួកគេទទួលបាននូវរបបបន្ថែម៣យ៉ាង ដូចជាប្រាក់ព្រីម ប្រាក់បុណ្យ និងប្រាក់ធ្វើដំណើរ ។
កម្មការនីរូបនេះបានបន្តថា បន្ទាប់ពីមានការទាមទារតវ៉ារួចមកស្វាមីរបស់នាងឈ្មោះ អុល រ៉យ អាយុ២៥ឆ្នាំ ដែលរោងចក្រទើបបានបញ្ចូលទៅជាកម្មករពេញសិទ្ធិ ដែលមានចំនួន១១នាក់ ត្រូវគេទម្លាក់ទៅជាកម្មករអណ្តែតវិញ ដោយស្វ័យប្រវត្តិ តែមួយប៉ព្រិចភ្នែក ហាក់ដូចជាមានកំហឹងជាមួយនឹងកម្មករដែលមិនព្រមចូលធ្វើការអញ្ចឹងដែរ ហើយម៉្យាងទៀតក្នុងរោងចក្រផលិតស្បែកជើងនេះ គឺគេមិនអនុញ្ញាតឲ្យបង្កើតជាសហជីពកម្មករ ដើម្បីដោះស្រាយរាល់ពេលមានបញ្ហាឡើយ។
នៅក្នុងឱកាសនោះដែរលោកមេការ ដែលជាជនជាតិខ្មែរនៅក្នុងរោងចក្របានបញ្ជាក់ប្រាប់កម្មករទាំងអស់ថា បើមិនព្រមធ្វើការទេ ទាំងអស់គ្នាត្រូវចូលទៅបំពេញលិខិតលាលែងពីការងារ ដើម្បីគេមានឱកាសជ្រើសរើសកម្មករថ្មី ដែលបញ្ហានេះ ខាងកម្មករបានលើកជាសំណួរថា តើរោងចក្រចង់បញ្ឈប់កម្មករពីការងារត្រូវបញ្ឈប់ភ្លាមៗមែនទេ?
នៅវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃដដែល អ្នកយកព័ត៌មានហើយបានទំនាក់ទំនងទៅលោកមេការតាមរយៈទូរស័ព្ទចំនួនពីរលើក ដើម្បីចង់ដឹងថា តើក្រុមហ៊ុនមានវិធីដោះស្រាយបែបណាទៅលើសំណូមពររបស់កម្មករ តែត្រូវភាគីខាងរោងចក្រមិនទទួលទូរស័ព្ទឡើយ៕
មតិយោបល់