ព័ត៌មានជាតិ

អតីតអ្នកថតរូប៖ អ្នកដែលមានឥទ្ធិពលបោសសម្អាតខ្មាំង គឺមានមេដឹកនាំខ្មែរក្រហមចំនួន ៤រូប

ភ្នំពេញ:អតីតអ្នកថតរូបនៅមន្ទីរសន្តិសុខស-២១ លោក ញ៉ែម អេន បានថ្លែងប្រាប់អង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ថាអ្នកដែលមានឥទ្ធិពលនៅក្នុងការចេញបញ្ជាឱ្យបោសសម្អាតខ្មាំងគឺមានមេដឹកនាំខ្មែរក្រហមចំនួនបួនរូបគឺ ប៉ុល ពត, នួន ជា ,សុន សេន និង តាម៉ុក ហើយខ្មាំងដែលត្រូវកម្ចាត់ គឺជាខ្មាំងដែលជាទីភ្នាក់ងារសេអ៊ីអា ទីភ្នាក់ងារកាហ្សេបេរបស់សូវៀត និងភ្នាក់ងារវៀតណាម និងកម្ចាត់ខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង។

លោកថា មេដឹកនាំទាំងនេះបានរួមសហការគ្នាក្នុងការគ្រប់គ្រងសន្តិសុខ។ ប៉ុន្តែលោកថាលោក ខៀវ សំផន មិនពាក់ព័ន្ធនឹងបញ្ហានេះទេ។ លោក ញ៉ែម អេន គឺជាសាក្សីថ្មីមួយរូបទៀត ដែលត្រូវបានកោះហៅមកផ្តល់សក្ខីកម្ម ទាក់ទងនឹងអង្គហេតុមន្ទីរសន្តិសុខ ស-២១ ចាប់តាំងពីថ្ងៃទី១៩ ខែមេសា មក ហើយសក្ខីកម្មរបស់លោកនឹងត្រូវធ្វើបន្តនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។

នៅអំឡុងនៃការផ្តល់សក្ខីកម្មនៅថ្អៃទី២០ ខែមេសា លោក ញ៉ែម អេន បានថ្លែងថារៀបរាប់ពីតួនាទីរបស់គាត់ជាអ្នកថតរូប ហើយលោកបានបញ្ជាក់ប្រាប់អង្គជំនុំជម្រះថា អ្នកដែលត្រូវកម្ទេចរួមមានកម្មាភិបាលជាន់ខ្ពស់មួយចំនួន ដែលចាប់ខ្លួនពីតំបន់នានាក្នុងប្រទេសកម្ពុជាដែលគេសង្ស័យថាជាខ្មាំងស៊ីរូងផ្ទៃក្នុង។ បើតាមសាក្សី ចាប់តាំងពីឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ប៉ុល ពត តែងតែនិយាយពីការបោសសម្អាតខ្មាំងនៅតាមកិច្ចប្រជុំ និងបានផ្សាយតាមវិទ្យុផង ដែរ។ លោក ញ៉ែម អេន បានថ្លែងថានៅពេលដែលមានការបោសសម្អាតនៅតាមភូមិភាគផ្សេងៗ ខ្មែរក្រហមបាន បញ្ជូនកម្មាភិបាលពីភូមិភាគនិរតីដែលគ្រប់គ្រងដោយតាម៉ុក ទៅជំនួសអ្នកដែល
ត្រូវបានគេចាប់ខ្លួន។

សាក្សី ញ៉ែម អេន បានលើកឡើងថា អ្នកធ្វើការចំនួន ៥០% នៅក្នុងមន្ទីរសន្តិសុខ ស-២១ គឺជាអតីតកងទ័ពនៃកងពលលេខ ៧០៣។ ចំនួនពាក់កណ្ដាលទៀត គឺកុមារដែលគេយកមកពីតំបន់ ៣១ ខេត្តកំពង់ឆ្នាំង និងពីតំបន់ ២៥ ក្នុងខេត្តតាកែវ និងខេត្តកណ្ដាល។ បើតាមសាក្សី ញ៉ែម អេន កងទ័ពនៃកងពលលេខ ៧០៣ ជាកងទ័ពរបស់គណៈមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា ដែលមានឥទ្ធិពលខ្លាំង។ លោកបានជម្រាបទៅកាន់អង្គជំនុំជម្រះថា លោកមិនដែលធ្វើការក្នុងកងពល ៧០៣ នេះទេ។ ក៏ប៉ុន្តែលោកអះអាងថា កុមារជាង ២..០០០នាក់ ដែលគេយកមកពីតំបន់ ៣១ ខេត្តកំពង់ឆ្នាំង តំបន់ ២៥ ពីខេត្តកណ្ដាល និងខេត្តតាកែវ បានហាត់រៀនក្បួនយុទ្ធសាស្ត្រកងទ័ពពីគ្រូកងពល ៧០៣ នៅក្រោយវត្តក្រពើហារ និងតាមដងស្ទឹងព្រែកត្នោត ក្រុងតាខ្មៅ ខេត្តកណ្ដាល។

អតីតអ្នកថតរូបនៅគុកទួលស្លែងរូបនេះបានអះអាងបញ្ជាក់ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កងពល ៧០៣ គឺជាកងពលពិសេសមួយសម្រាប់ការពារថ្នាក់ដឹកនាំអង្គការ ដូចជាលោក សុន សេន នួន ជា និង ប៉ុល ពត។ កងពល ៧០៣ ជាកងពលសម្រាប់សេនាធិការនៅភ្នំពេញ ការពារសន្តិសុខជាតិ ហើយក៏ពាក់ព័ន្ធនឹងមន្ទីរសន្តិសុខ ស-២១ ដែរ។ ក៏ប៉ុន្តែលោក ញ៉ែម អេន ថ្លែងថា សមាជិកកងទ័ពក្នុងកងពលនេះជាច្រើននាក់ ក៏ត្រូវបានគេសម្លាប់នៅមន្ទីរ ស-២១ ដែរ៕

photo_2016-04-20_17-02-45 photo_2016-04-20_17-02-46

មតិយោបល់