កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ០៦កើតខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី ករណីបុរសម្នាក់រាយខ្សែលួសឆក់កណ្តុលមិនឲ្យស៊ីឈូក បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ក្នុងបឹងឈូក នៅត្រង់ចំណុចបាក់ជ្រួ ក្នុងភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ឃីម ខន អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។
វត្ថុតាងរួមមាន៖ អាគុយ០១ កម្លាំង៥០អំពែ ដុំឆក់ ចំនួន០១ ខ្សែលួស ពិលពាក់ក្បាល០១ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុជនរងគ្រោះ ដាំឈូកមួយកន្លែង នៅចំណុចកើតហេតុ ជាទម្លាប់ជនរងគ្រោះបានរាយខ្សែលួស ឆក់កណ្ដុរការពារមិនឲ្យស៊ីឈូក ។
ប្រពន្ធជនរងគ្រោះបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃគាត់ចេញទៅចាំឈូកនៅវេលាម៉ោង ៤និង៣០នាទីល្ងាចហើយសម្រាក នៅរោងចាំឈូករហូតព្រឹកឡើងត្រឡប់មកផ្ទះវិញ នៅវេលាម៉ោង០៦និង០០នាទីព្រឹក ។ លុះនៅថ្ងៃទី២៩ ខែមីនា ឆ្នា២០២០វេម៉ោង៨និង០០នាទីព្រឹកប្រពន្ធជនរងគ្រោះបាត់ប្ដី មិនឃើញមកផ្ទះដូចរាល់ថ្ងៃ ក៏ឱ្យបងប្អូនសាច់ញាតិទៅរកមើលនៅបឹងឈូក ពេលនោះឈ្មោះស នឿនត្រូវជាប្អូនថ្លៃជនរងគ្រោះ ទៅរកឃើញនៅក្នុងរោង ចាំឈូកមានអាគុយគាបដុំឆក់ហើយក៏ដោះដង្កៀបចេញ ពីអាគុយរួចបានចុះរកក្នុងបឹងឈូក ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងបឹងឈូក ដោយដៃជាប់ខ្សែលួសរាយឆក់កណ្ដុរហើយ ក៏ដោះខ្សែលួសចេញពីដៃជនរងគ្រោះនិងស្រែកហៅបងប្អូន ដែលកំពុងជួយដើររកមកជួយលើកជនរងគ្រោះ យកមកដាក់នៅលើគោកក្បែររោងចាំឈូក ។ បន្ទាប់មកទើបរាយការណ៍ជូនសមត្ថកិច្ច។ ក្រោយការពិនិត្យសាកសពនៅលើកំភួនដៃ ថ្លើមដៃ និងម្រាមដៃផ្នែកខាងស្ដាំមានស្នាមឆេះខ្លោច ។
សមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះ ឆក់ចរន្តអគ្គិសនី ខ្សែលួសឆក់កណ្ដុរ បណ្ដាល ឱ្យឆក់ស្លាប់ខ្លួនឯងក្រោយការពិនិត្យ បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់