ភ្នំពេញៈ អាល់កុលក្លែងក្លាយ ជាច្រើនកាន ត្រូវបានជនឆ្លៀតឱកាស លាយលក់ ដែលបង្កឲ្យផលប៉ះពាល់ដល់សុខភាព ហើយត្រូវបានសមត្ថកិច្ចចម្រុះ មានកាំកុងត្រូល អាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប២ទីតាំងផ្សេងគ្នា ព្រឹកមួយកន្លែង និងល្ងាច មួយកន្លែងទៀត នៅក្នុងភូមិត្រពាំសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជាប់ព្រំប្រទល់ជាមួយ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ កាំកុងត្រូល សហការជាមួយសមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរខណ្ឌកំបូល ចុះត្រួតពិនិត្យទីតាំងផ្ទះទី១ ស្ថិតនៅលើផ្លូវ១៣A ផ្ទះលេខ១៨៨ នៅក្នុងបុរីពិភពថ្មី៣ ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០២ ខែមេសា រកឃើញមានស្តុកទុកនៅ មេថាណុល ចំនួន៧០ធុង និងអាកុលចំនួន១០០កាន ។ បន្តទៅទីតាំងផ្ទះទី២ ជាប់គ្នា ស្ថិតនៅលើផ្លូវ០១A ផ្ទះលេខ០២ នៅក្នុងបុរីពិភពថ្មី៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បានពិនិត្យឃើញមានការស្តុកទុកនៅ មេថាណុល ចំនួន១០០ធុង និងមេថាណុលប្រើប្រាស់រួចរាល់ចំនួន៨១ធុង និងអាកុលចំនួន១០០កាន ។
ទោះជាយ៉ាងណាក្តី ម្ចាស់ទីតាំងមិនមានវត្តមាននៅផ្ទះទាំង២ខាងលើឡើយ នេះបើតាមការអះអាងពីអាជ្ញាធរ ហើយវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចជំនាញរឹបអូសយកទៅរក្សាទុក ៕
មតិយោបល់