ព័ត៌មានជាតិ

Update៖ រថយន្ដដឹកដីមិនចាំម៉ាកមួយគ្រឿង បុកម៉ូតូធ្លាក់ផ្លូវបង្កឲ្យបុរសជាប្ដីស្លាប់ភ្លាមៗ និងប្រពន្ធរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូពីក្រោយ បណ្ដាលឲ្យប្ដីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តបង្ក ដឹកដី មិនត្រូវបានស្គាល់ម៉ាកនោះទេ សមត្ថកិច្ចកំពុងស្រាវជ្រាវ។
ម៉ូតូរងគ្រោះម៉ាក ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ មណ្ឌលគិរី1A-0110 អ្នកបើកបរឈ្មោះ ព្រុំ ភាស់ ភេទប្រុស អាយុ ៣៤ឆ្នាំ (ស្លាប់) ស្នាក់នៅភូមិពែងមាសត្បូង ឃុំស្ពឺស្រុកចម្ការលើ ខេត្តកំពង់ចាម។ អ្នករួមដំណើរឈ្មោះ មួង សុខឡៃ ភេទស្រី អាយុ ៣៥ឆ្នាំ (រងរបួសធ្ងន់) ស្នាក់នៅភូមិវាល ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តមិនចាំម៉ាក ធ្វើដំណើរពីកើតទៅលិចស្របទិសជាមួយម៉ូតូ ដោយម៉ូតូបើកពីមុខ លុះមកដល់ចំណុចខាងលើ រថយន្តបានបើកវ៉ាជែង ហើយជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យខ្ទាតចេញធ្លាក់ចិញ្ចើមមហាវិថីឈ្នះឈ្នះខាងស្តាំដៃ អ្នកបើកម៉ូតូបោកក្បាលផ្ទប់ជញ្ជាំងចិញ្ចើមផ្លូវស្លាប់ភ្លាមៗ ចំពោះនារីរួមដំណើររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។ ដោយឡែករថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ទាក់ទងជំនាញវាស់វែង យកម៉ូតូរក្សាទុកបណ្តោះអាសន្ន រីឯសពត្រូវបានដឹកទៅតម្កលនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកដឹកយកទៅធ្វើបុណ្យ៕

មតិយោបល់