(ភ្នំពេញ) ៖ ក្រុមអ្នកបើកបររថយន្តដឹកដីប្រមាណជិត ៣០នាក់ បាននាំគ្នាប្រមូលផ្តុំនៅមុខសាលាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ដើម្បីតវ៉ាជាមួយអាជ្ញាធរខណ្ឌ ដោយពួកគាត់បានចោទប្រកាន់ថា អាជ្ញាធរខណ្ឌបានគាបសង្កត់ទៅលើពួកគាត់សឹងតែរកពេលប្រកបមុខរបរសម្រាប់ដោះស្រាយជីវភាពគ្រួសារមិនបាន ទោះជាមានការបង់ប្រាក់ប្រចាំខែក្តី ។
បើតាមក្រុមអ្នកបើករថយន្តដី ដែលបានមកតវ៉ានៅមុខសាលាខណ្ឌ បានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរខណ្ឌបានបញ្ជាឲ្យសណ្តាប់ធ្នាប់ខណ្ឌធ្វើការឃាត់រថយន្តរបស់ពួកគេទុកម្តង២ម៉ោងទៅ៣ម៉ោង ឲ្យមានការបង់ប្រាក់ចូលមកសាលាខណ្ឌ ។
បើតាមប្រភពព័ត៌មានពីក្រុមអ្នកបើករថយន្តបានបន្តទៀតថា ហេតុអ្វីបានជាអាជ្ញាធរចាប់តែរថយន្តដឹកដីតូចតាច ផ្ទុយទៅវិញការដឹកជញ្ជូនតាមរថយន្តធំៗ ដូចជាដែក សីុម៉ង់ត៍ និងផ្ទុកលើសទម្ងន់អត់ដែលឃើញសណ្តាប់ធ្នាប់ខណ្ឌ ឬអាជ្ញាធរបញ្ជាឲ្យចុះចាប់នោះទេ ដូច្នេះពួកខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាធ្វើបាបតែប្រជាពលរដ្ឋរកសីុឈ្នួលដឹកដី ដើម្បីដោះស្រាយជីវភាពគ្រួសារបែបនេះទៅវិញ ។
ក្រុមអ្នកបើកបររថយន្តដឹកដីបានបន្តថា ការដែលឃាត់រថយន្តទាំងនេះមិនមែនសំខាន់ទៅលើការផ្ទុកលើសទម្ងន់ ឬដឹកដីជ្រុះហុយនោះទេ សំខាន់គឺធ្វើយ៉ាងណាឲ្យតែខាងរថយន្តចូលបង់ប្រាក់ប្រចាំខែ ។ ពួកគេបានបង់ប្រាក់ក្នុងមួយខែ ២ពាន់ដុល្លារឲ្យទៅលោក សុខ សម្បត្តិ រួចទៅហើយ តែនៅមានបញ្ហាមិនចេះចប់ ។
ក្រុមអ្នកដឹកដីបានប្រាប់ទៀតថា ប្រាក់ដែលពួកគេបានបង់នោះគឺឈ្មោះ ទី ឈ្មោះ រិន និងឈ្មោះ ហេង ជាអ្នកយកទៅជូនដោយផ្ទាល់ ។ ក្រោយពីក្រុមអ្នកបើករថយន្តដឹកដីបានប្រាក់បង់ប្រចាំខែរួចហើយ ក៏នៅមានអ្នកអង្គុយចាំរាប់ក្បាលឡានយកលុយបន្ថែមទៀត ដោយក្នុងមួយគ្រឿង បានយកតំលៃ ២ដុល្លារ បានធ្វើឲ្យក្រុមអ្នកបើករថយន្តដឹកដីទាំងនោះ មិនពេញចិត្ត ។
ក្រោយមកទើបឃើញខាងមន្ត្រីសាលាខណ្ឌចេញមកដោះស្រាយជាមួយពួកគាត់ដោយបានអះអាងថា សាលាខណ្ឌមិនដែលបានទទួលប្រាក់ពីឈ្មោះទាំងនោះទេ ។ ចំណែកឯខាងសាលាខណ្ឌបានបន្តទៀតថា ករណីរឿងរាប់ក្បាលឡានយកលុយក្នុងមួយគ្រឿង ២ដុល្លារនេះ គឺមិនមែនជាការពិតទេ ។ មន្ត្រីសាលាខណ្ឌបានបញ្ជាក់ថា បើមានមន្ត្រីណាមួយធ្វើបែបនេះ សូមឲ្យថតរូបមកបង្ហាញ ហើយនិងឈ្មោះមន្ត្រីដែលបានឈររាប់ក្បាលឡាននោះមកឲ្យគេ ។ ចំពោះប្រាក់ដែលក្រុមអ្នកបើករថយន្តដឹកដីផ្សេងៗបង់នោះ គឺយកមកស្ថាបនាផ្លូវថ្នល់ ៕
ព័ត៌មានជាតិ
មតិយោបល់