កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា តៃកុងបើករថយន្តបែនដឹកដីម្នាក់ ត្រូវបានអ៊ិចស្កាវិចទ័រកិនស្លាប់យ៉ាងអាណោចអធ័ម ខណៈដែលជនរងគ្រោះកំពុងជួសជុលនៅខាងក្រោមរថយន្ត ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅចំណុចរណ្ដៅដីរបស់ក្រុមហ៊ុនសៀងហៃ ស្ថិតក្នុងភូមិ រោងគោ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គៀង សារ៉ាត ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតាប៉ាវបំពេញតេះ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ បើករថយន្តម៉ាក SCANIA ប្រភេទបែន ពណ៌ សខ្មៅ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-1698 ។ ចំណែកអ៊ិចស្កាវិចទ័រម៉ាក COBELCO ពណ៌ ខៀវ (អ្នកបើកបរ រត់គេចបាត់ខ្លួនបាត់ស្រមោល) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តបែនខាងលើមកយកដីនៅរណ្ដៅដីរបស់ក្រុមហ៊ុនសៀងហៃ ខណៈរថយន្តជនរងគ្រោះថយក្រោយដើម្បីឲ្យអ៊ិចស្កាវិចទ័រចូកដីដាក់បែជារថយន្តខូច ភ្លាមនោះជនរងគ្រោះក៏បានប្រាប់ទៅតៃកុងអិចឲ្យជួយរុញឡើង ដោយចាំតៃកុងអិចជួយរុញយូរពេក ជនរងគ្រោះ បានចូលក្រោមរថយន្តដើម្បីជួសជុល នៅពេលកំពុងជួសជុលនោះ តៃកុងអិច បានស៊ីផ្លេឲ្យដំណឹងទៅជនរងគ្រោះដឹង ដោយស្មានថា ជនរងគ្រោះនៅក្នុងរថយន្ត រួចតៃកុងអិចក៏ជួយរុញរថយន្តរបស់ជនរងគ្រោះពីក្រោយ ដោយមិនបានដឹងថា ជនរងគ្រោះកំពុងតែជួសជុលខាងក្រោមរថយន្តនោះទេ ក៏បណ្ដាលឲ្យកិនជនរងគ្រោះស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្ដង ។
បន្ទាប់ពីនគរបាលជំនាញចរាចរណ៍ស្រុកកណ្ដាលស្ទឹងទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏ចុះមកកន្លែងកើតហេតុ រួចធ្វើការពិនិត្យ កសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ត និង អ្នកបើកបរអិចស្កាវិចទ័រ ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលអោយគ្រោះថ្នាក់ ។ សពជនរងគ្រោះកម្លាំងជំនាញបានប្រគល់ជូនសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ព័ត៌មានជាតិ
មតិយោបល់