ភ្នំពេញៈ បុរសម្នាក់ បើកបររថយន្តក្រឡុកបេតុងក្រុមហ៊ុន «ភីងជឺខេមបូឌា» មួយគ្រឿង មិនប្រយ័ត្នបានទាក់ ជាមួយខ្សែភ្លើង អូសកាត់ទទឹងផ្លូវ បណ្តាលឲ្យដាច់ធ្លាក់ប្រអប់កុងទ័រភ្លើង ចេញពីបង្គោល។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៦និង២០នាទីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចជាប់ខាងមុខសាលាបឋមសិក្សាត្រពាំងស្វាយ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តក្រឡុកបេតុង១គ្រឿង ម៉ាក ZOOMLION ពណ៌ស្ករ ជារថយន្តរបស់ក្រុមហ៊ុន «ភីងជឺខេមបូឌា» ពាក់ផ្លាកលេខ ភ្នំពេញ 5A-2943 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវបេតុង ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ មិនប្រយ័ត្នក៏ទាក់ជាមួយនឹងខ្សែភ្លើង ដែលអូសកាត់ទទឹងផ្លូវ បណ្តាលឲ្យដាច់ធ្លាក់ប្រអប់កុងទ័រភ្លើងចំនួន៤ប្រអប់ ចេញពីបង្គោល និងដាច់ធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ សំណាងល្អមិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ។
ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុ បានធ្វើការស្ទាក់ឃាត់រថយន្តបង្ក និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកអន្តរាគមន៍តែម្តង។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចទាក់ទងទៅកាន់ជំនាញអគ្គិសនីកម្ពុជា ឲ្យចុះអន្តរាគមន៍ មួយសន្ទុះមកក៏មានមានតំណាងខាងភាគីរថយន្តបង្ក បានចូលខ្លួនមកធ្វើកាដោះស្រាយផងដែរ។
ក្រោយកើតហេតុ ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីខាងរថយន្តបង្ក ព្រមដោះស្រាយ និងចេញសំណង់រាល់ការខូចខាតឲ្យទៅខាងអគ្គិសនីកម្ពុជា ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
មតិយោបល់