ព័ត៌មានជាតិ

មាន​ភ្លៀង​ធា្ល​ក់ជាប់ៗ​គ្នា ផ្លូវ​ជាតិ​មួយ​ចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទឹក​ហូរ​កាត់​ផ្លូវ​

​ត្បូងឃ្មុំ​៖ ចាប់ពី​ថ្ងៃ​កាន់បិណ្ឌ​ទី​១ ដល់​បិណ្ឌ​ទី​៣ មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា បណ្តាល​ឲ្យ​ជំនន់​ទឹកភ្លៀង​បាន​ហូរ​កាត់​ផ្លូវជាតិ​លេខ​៧ ចំណុច​ផ្លូវបំបែក​ក្រែក​ចូលទៅ​ផ្លូវ​អន្តរជាតិ​ត្រពាំងផ្លុង​ផ្លូវជាតិលេខ​៧៤ ក្នុង​ស្រុក​ពញាក្រែក ជាច្រើន​កន្លែង នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ ។​

​លោក ឡុង ធា​ម អភិបាល​ស្រុក​ពញាក្រែក​បាន​បញ្ជាក់​ឲ្យដឹងថា ជា​រៀងរាល់​ឆ្នាំ​ឲ្យតែ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា ទឹកជំនន់​ទឹកភ្លៀង​តែង​ដក់​នឹង​ហូរ​កាត់​ផ្លូវ​ជាតិ​មួយ​ចំនួន​ក្នុង​ស្រុក​ពិសេស​ចំណុច​ខាងលើ ហើយ​ស្រុក​ក៏​បាន​ចេញ​សេចក្តីជូនដំណឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័​ត្ន កូនតូច​កុំឲ្យ​លេងទឹក ការពារ​សត្វ មាន​មាន់ ទា ជ្រូក គោ ក្របី ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​ជាតិ ត្រូវ​រួមចំណែក​ស្តា​លូ​បង្ហូរ​រំដោះ​ទឹក​កុំឲ្យ​កកស្ទះ​ជៀសវាង​ទឹកលិ​ចជន់ ចំពោះ​រថយន្ត​ធំៗ​ដឹក​លើស​ទម្ងន់​ក៏​មិន​អនុញ្ញាត​ឲ្យ​ដឹក​ដែរ វា​អាច​បង្ក​ឲ្យ​ខូច​ផ្លូវ​ជាតិ​របស់​យើង​ដែរ ។​

​លោក​អភិបាលស្រុក​បាន​បញ្ជាក់​ទៀតថា ទឹកជំនន់​លិច​នេះ មិន​បង្ក​ឲ្យ​ខូចខាត ផលដំណាំ​កសិកម្ម​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​ជា​រៀងរាល់​ឆ្នាំ​ឲ្យតែ​មាន​ភ្លៀង​ធ្លាក់ ទឹក​តែង​លិច​ហើយ​ទឹក​ក៏​ហូរ​អស់​ទៅ ៕

2014-09-13_112548

មតិយោបល់