ភ្នំពេញៈ នៅវេលាម៉ោង ៣និង៣៥នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរស ២នាក់ ជិះម៉ូតូបុកឃឿន បណ្ដាលឲ្យដួលខ្ទាតចូលក្រោមរថយន្ត ស្លាប់ម្នាក់និងរបួសធ្ងន់ ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូម៉ាក ស៊ុយស៊ុគីលែត ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1HB-6666 ជិះដោយបុរស ២នាក់ អ្នកស្លាប់មានអាយុ ៤៤ឆ្នាំ មុខរបរជាងជួសជុលកង់នៅផ្សារអូរឫស្សី មិនស្គាល់ឈ្មោះ មានកូន ៥នាក់ ក្នុងបន្ទុកគ្រួសារ បើកបរតាមបណ្ដោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលបុកឃឿនទ្រូងផ្លូវ ខ្ទាតចូលក្រោមរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 3A-2061 បណ្ដាលឲ្យកិនស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយពេលកើតអ្នកបើកបររថយន្ត បានចុះរត់គេចបាត់ ហើយភ្លាមៗ សមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯសព ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យប្រពៃណីនៅឯវត្តទួលសង្កែ ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់