បន្ទាយមានជ័យ: ជនសង្ស័យប្រុស-ស្រី៧នាក់ និងគ្រឿងញៀន២៤ថង់តូច ត្រូវបានកំលាំងនគរបាល នៃអធិការក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាប២ទីតាំងផ្សេងគ្នា ក្នុងរយៈពេលមួយថ្ងៃ បញ្ជូនខ្លួនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៣ សីហា ឆ្នាំ២០១៦ ដើម្បីបន្តទៅតុលាការ។
លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អនុវត្តតាមផែនការណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យក្នុងការបង្ការ បង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាបន្តបន្ទាប់ លោកបានណែនាំបន្តទៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការកំណត់មុខសញ្ញាប្រើប្រាស់ជួញដូររហូតលោកឈានដល់ការដឹកនាំបង្ក្រាបដោយផ្ទាល់កាលពីថ្ងៃទី២ សីហា ឆ្នាំ២០១៦ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា មាស ច័ន្ទពិសិដ្ឋ លើគោលដៅពីកន្លែងនៅក្នុងសង្កាត់ផ្សារកណ្តាល និងមួយទៀតក្នុងផ្ទះសំណាក់ក្នុងសង្កាត់ប៉ោយប៉ែត។
ជំហានដំបូងបង្ក្រាបនៅក្នុងសង្កាត់ផ្សារកណ្តាលបានជនសង្ស័យ៤នាក់ មានម្នាក់ឈ្មោះ ណែម ប៊ុន ឈឿន អាយុ២៤ឆ្នាំ នៅនឹងផ្ទះបានសារធាតុញៀនប្រភេទម្សៅក្រាមចំនួន២៤កូនថង់ ពណ៌ថ្លារួចបន្ត ចាប់ឃាត់ខ្លួនអ្នកមកទិញប្រើប្រាស់២នាក់ និងបុរសវ័យ៥៦ឆ្នាំម្នាក់ អតីតជាទាហានប៉ារ៉ា ដែលកំពុងអង្គុយជក់កញ្ឆានៅនឹងផ្ទះ។ ចំណែកករណីទីពីរ ធ្វើឡើងនៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ ផ្កាយបីក្នុងភូមិក្បាល់ស្ពាន១ ឃាត់ខ្លួនជនសង្ស័យ៣នាក់។ ក្នុងនោះ មានស្ត្រីមា្នក់ ដោយមានម្នាក់ឈ្មោះ ស៊ិន សុវណ្ណា ហៅ ផាន់ ណា មានកាត់សម្គាល់ខ្លួនជាកងយោធពលខេមរភូមិន្ទ ទៅឆែកឆេរទីតាំងរកឃើញថ្នាំញៀនម្សៅក្រាមពណ៌ស ១កូនថង់តូច និងថង់កូនថង់ ដែលមានជាថ្នាំញៀន ជាច្រើនបន្ទាប់ពីប្រពន្ធឈ្មោះ ធួន ស្រីមុំរណ ដោះយកវត្ថុតាងគេចខ្លួនបាត់។
សរុបទាំងពីរករណីនេះ សមត្ថកិច្ចនគរបាលបានវត្ថុតាងជាគ្រឿងញៀនចំនួន២៤ថង់ តូច កញ្ឆាមួយចំនួន បំពង់ជក់កញ្ឆាមួយ ដាវសាំម៉ូរ៉ៃមួយ និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនជាច្រើន។
ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំងអ្នកជួញដូរ និងប្រើប្រាស់ត្រូវបានបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ តែម្តង៕
មតិយោបល់