ភ្នំពេញៈ នៅវេលាម៉ោង ១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានមុនីវង្សថ្មី សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីរថយន្តស៊េរីទំនើបមួយគ្រឿង សង្ស័យជារបស់មន្ត្រីប៉ូលិសម្នាក់ ស្រវឹងស្រា បើកបុករថយន្តដឹកត្រីពីក្រោយ។
រថយន្ដស៊េរីទំនើប ពណ៌ទឹកក្រូច ម៉ាក HILUX ពាក់ផ្លាកលេខ ភ្នំពេញ 2AG-4040។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តស៊េរីទំនើបខាងលើ ធ្វើដំណើរឡើងស្ពានមុនីវង្សពីលិចទៅកើត យ៉ាងលឿន លុះទៅដល់ចំណុចកើតហេតុ ស្រាប់តែបុករថយន្តដឹកត្រីពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាត រួចចុះចេញពីឡាន ឡើងជិះកង់បីគេចខ្លួនបាត់ស្រមោល ចំពោះរថយន្តដឹកត្រីវិញ ម្ចាស់ចុះមកត្រួតឃើញថា គ្មានរងការខូចខាត ក៏បន្តដំណើរទៅមុខទៀត។
សូមបញ្ជាក់៖ ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងខាងលើ ដើម្បីស្រាវជ្រាវបន្ថែម និងកសាងសំណុំរឿងទៅតាមនីវិធីច្បាប់៕
មតិយោបល់