ព័ត៌មានជាតិ

រថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់-ស្រាលមនុស្ស២នាក់ នៅខេត្តតាកែវ

តាកែវ: នៅថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២០និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់-ស្រាល នៅត្រង់ចំណុចលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៤ -៧៥ ស្ថិតនៅក្នុងភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានម៉ូតូ០១ គ្រឿងម៉ាក ហុងដា C៥០ ចង្កៀងមូល ពណ៌ ទឹកដោះគោ ពាក់ផ្លាកលេខ វៀតណាម ៦៧ZA ១៥៣៧ បើកបរដោយឈ្មោះ លី ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិខ្លាគ្រហ៊ឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសធ្ងន់ មានស្រ្តីម្នាក់រួមដំណើរជាមួយឈ្មោះ ង៉ា អាយុ៣៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា មុខរបរលក់ដូរ រងរបួសស្រាល ដែលបើកបរមកពីទិសខាងត្បូង លុះមកដល់ចំណុចខាងលើ ក៏បានបុកគ្នាជាមួយរថយន្តមួយគ្រឿង ម៉ាក តូយ៉ូតាហាយឡែនឌ័រ ពណ៌ ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ ២AT ៧៥០២ អ្នកបើកបរគេចខ្លួនបាត់ ដែលបើកបរមកពីទិសខាងជើង ។ ជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។

មូលហេតុ ៖ បណ្តាលមកពីអ្នកបើកបរមិនប្រកាន់ស្តាំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានទៅដល់ រួចកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ។ រីឯវត្ថុតាងខាងលើ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ៕

មតិយោបល់