ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង បង្រ្កាបទីតាំងលួចប្រព្រឹត្តិល្បែងទឹកភ្លៀង មួយកន្លែងនៅចំណុចវាលស្រែ

បាត់ដំបងៈ​ កាលពីថ្ងៃសុក្រ​ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា​​ ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ឱ្យដឹកនាំកម្លាំងចេញប្រតិបត្តិការបង្រ្កាប ទីតាំងលួចប្រព្រឹត្តិល្បែងទឹកភ្លៀងមួយកន្លែងនៅចំណុចវាលស្រែ ស្ថិតនៅក្នុងភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង ។

លោក វរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ​ ដែលដឹកនាំកិច្ចប្រតិបត្តិការនេះ​ បានឱ្យដឹងថា ដោយសារភូមិសាស្រ្តចំណុចខាងលើនោះ ស្ថិតនៅទីវាល ហើយពេលសមត្ថកិច្ចទៅដល់អ្នកប្រព្រឹត្តិបានរត់គេចខ្លួនពីទីកន្លែងនោះ តែសមត្ថកិច្ចបាននាំខ្លួនបុរសចំនួន០៣នាក់ កំពុងស្ថិតនៅបរិវណនោះមកធ្វើការសាកសួរ ក្រៅពីនោះមានបន្សល់ទុកនូវភស្តុតាងមួយចំនួនរួមមាន៖

សម្ភារៈ កែច្នៃ (ទទឹកភ្លៀង)០១​ ,វិទ្យុទាក់ទងចំនួន០៦ គ្រឿង ,ឆ្នាំងសាកវិទ្យុទាក់ទងចំនួន០៣គ្រឿង ,ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន០២គ្រឿង ។

លោកស្នងការរងបញ្ជាក់ថា ទោះបីជាអ្នកប្រព្រឹត្តិ មួយចំនួនបានគេចខ្លួនពីទីតាំងនោះមែនប៉ុន្តែ សមត្ថកិច្ចនគរបាលបន្តស្រាវជ្រាវកំណត់ពីអត្តសញ្ញាណខ្លះនៃអ្នកប្រព្រឹត្តិនោះហើយ ដែលកិច្ចការ នេះសមត្ថកិច្ចលោកនឹងស្នើសុំគោលការណ៍ថ្នាក់ដឹកនាំស្នងការ ដើម្បីចាត់វិធានការបន្តជាមួយនេះដែរ ទីតាំងមួយនេះត្រូវបានសមត្ថកិច្ចរុះរើបំផ្លាញចោលនូវសម្ភារ:មួយចំនួន​​ ។

ទាក់ទងនឹងករណីល្បែងទឹកភ្លៀងដែលបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមតែងលើកឡើងថា មានការអនុញ្ញាតឱ្យលេងឬមិនមានវិធានការ បង្រ្កាបនោះលោកឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្លាប់បានបញ្ជាក់ជូនហើយថា នឹងចាត់វិធានការបង្រ្កាបបើករណីនេះកើតមានក្នុងមូលដ្ឋាន ៕

មតិយោបល់