ព័ត៌មានជាតិ

Update៖ ឪពុកម្តាយពិតជាក្តុកក្តួលណាស់ កូនប្រុស កំពុងពេញស្រឡាញ់ ស្លាប់ចោលទាំងវ័យក្មេង

ភ្នំពេញៈ ក្មេងប្រុសម្នាក់អាយុទើប៥ឆ្នាំ ខណៈដែលចុះលេងទឹកស្រះ ជាអកុសលរអិលជើងធ្លាក់ចូលកន្លែងជ្រៅ បណ្តាលឲ្យលង់ស្លាប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅស្រះទឹកមួយកន្លែង ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្មេងរងគ្រោះឈ្មោះ វុទ្ធី បាន ភេទប្រុស អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ឃី វុទ្ធី អាយុ៤០ឆ្នាំ មុខរបរអ្នកនិពន្ធ ម្តាយឈ្មោះ អ៊ុង ឧត្តម អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតភូមិ៦ ឃុំស្វាយភ្លាំង ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ គ្រួសារខាងលើ មានកូនប្រុស-ស្រីចំនួន២នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ក្មេងរងគ្រោះជាកូនច្បង ។

តាមប្រជាពលរដ្ឋក្នុងភូមិ បានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រមាណ៩-១០ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ មានក្មេងប្រុសតូចៗ២នាក់ មកចុះលេងទឹកស្រះខាងលើ ហើយប្រជាពលរដ្ឋបានដេញឲ្យទៅវិញម្តងហើយ ព្រោះថាទីតាំងចំណុចស្រះទឹកមួយនេះ ហាក់ដូចជាមានអាថ៌កំបាំង នេះបើតាមជំនឿរបស់អ្នកស្រុក ក្នុង១ឆ្នាំ ដឹងតែមានអ្នកលង់ទឹកទីនេះម្នាក់ ហើយក្មេងប្រុសតូចៗទាំង២នាក់ ក្រោយពីដេញឲ្យឡើងវិលត្រឡប់ទៅវិញម្តងហើយ ប្រជាពលរដ្ឋនៅក្បែរនោះក៏មិនចាប់អារម្មណ៍ នឹកគិតថាទៅបាត់ហើយ រហូតដល់ក្មេងៗក្នុងភូមិស្រែកឆោឡោ មានក្មេងលង់ទឹក ទើបនាំគ្នាផ្អើលចុះស្រង់ តែក្មេងប្រុសម្នាក់ស្លាប់បាត់ទៅហើយ រីឯក្មេងម្នាក់ទៀត មិនបានចុះទឹក ទើបមិនមានបញ្ហាអ្វី ។

តាមម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា គាត់រវល់តែជាប់លក់ដូរ នៅផ្ទះក្បែរនោះដែរ មិនបានដឹងថាកូនប្រុសមកចុះលេងទឹកបែបនេះ ។

ក្មេងរងគ្រោះ ក្រោយពីសមត្ថកិច្ចចុះទៅពិនិត្យ រួចយកសពកូនប្រុសទៅតម្កល់ទុកនៅវត្តស្ងួនពេជ្រ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕

មតិយោបល់