ព័ត៌មានជាតិ

បុរសម្នាក់ បើកម៉ូតូលឿន ដល់ផ្លូវកោង បណ្តាលឲ្យដួលបោកក្បាល រងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃ​ពុធ​១៥ កើត​ខែភទ្របទ​ ឆ្នាំ​ជូត​ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែ​កញ្ញា​ ឆ្នាំ២០២០​ វេលាម៉ោង ៤និង២៥នាទីល្ងាច មានយុវជនម្នាក់ស្រវឹងស្រាបើកម៉ូតូលឿនដូចហោះដល់ផ្លូវកោងជ្រុលចង្កូតដួលបោកក្បាលបណ្តាលឲ្យរងបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវលំ​ក្រាល​កៅស៊ូ​១ខ្សែ ស្ថិតនៅភូមិវាលវង់​​ ឃុំ​ស្នាអន្សា​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូម៉ាក HONDA​ Wave គ្មាន​ផ្លាកលេខ ពណ៌ខ្មៅ​ ធ្វើចរាចរណ៍ពី​ត្បូង​ទៅ​ជើង​ បើក​បរដោយឈ្មោះ ចែម ចាន់រ៉ា អាយុ​ ១៨ឆ្នាំ​ ភេទប្រុស ជនជាតិ​ខ្មែរ រស់នៅ​ ភូមិ​ ឃុំ​អូរ​សណ្ដាន់​ ស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់​ បើក​ម៉ូតូ​​ក្នុងល្បឿន​លឿន​ដូចហោះ មកដល់​ចំណុច​កើតហេតុ​ត្រង់ផ្លូវ​កោងបត់មិនទាន់​ បាន​ជ្រុល​ទៅ​បុក​បង្គោល​ដាក់​តាម​ផ្លូវ​កោងបណ្តាលឲ្យដួលបោកក្បាល រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់​។

លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានបញ្ជាក់ថា ក្រោយពេលដែលសមត្ថកិច្ចនគរបាល បានចុះពិនិត្យដល់កន្លែងកើតហេតុ និងបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីកត្តាល្បឿននិងកត្តាស្រវឹងស្រា។

សមត្ថកិច្ចបានយកម៉ូតូមករក្សាទុក នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ​ស្នាអន្សា​ជា​បណ្ដោះអាសន្ន៕

មតិយោបល់