ព័ត៌មានជាតិ

កម្លាំង​នគរបាល​ស្រុក​វាល​វែង​ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ប្លន់​ រត់គេច​ខ្លួន​ជាង​ ១០​ឆ្នាំ​

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​នគរបាល​ស្រុក​វាល​វែង​ កាលពី​វេលា​ម៉ោង​៨​និង​០៦​នាទី​ព្រឹក​ ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០២០​ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ប្លន់​ ដែល​បាន​រត់គេច​ខ្លួន​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ ។​

​គួរ​រំលឹក​ថា​ ជនសង្ស័យ​ខាងលើ​នេះ​ បាន​ធ្វើ​សកម្មភាព​ប្លន់​នៅ​ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​២៩​ កុម្ភ​:​ ២០០៨​ នៅ​ភូមិ​កណ្តាលស្ទឹង​ ឃុំ​អណ្តើក​ហែប​ ស្រុក​រតនៈ​មណ្ឌល​ ខេត្តបាត់ដំបង​ ហើយ​គេចខ្លួន​មក​រស់នៅ​ចំណុច​អូរ​រំចេក​ ភូមិ​សំឡាញ​ ឃុំ​ក្រពើ​ពីរ​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ។​

​តាម​របាយការណ៍​របស់​ លោក​អធិការ​នគរបាល​ស្រុក​វាល​វែង​ បាន​ឲ្យ​ដឹង​ថា​ ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ គឺ​សមត្ថកិច្ច​ធ្វើ​ឡើង​ដោយ​អនុវត្ត​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ លេខ​៣៦៥​ បទ​ខ​ ចុះ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០០៩​ របស់​ចៅក្រម​ស៊ើប​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​។​ លោក​អធិការ​ បាន​បន្ត​ថា​ ដោយ​ទទួល​បាន​ដីកាចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តបាត់ដំបង​សមត្ថកិច្ច​បាន​តាម​ស្វែងរក​ជនល្មើស​អស់​រយ​:​ពេល​ជាង​១០​ឆ្នាំ​ ទម្រាំ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ រឿង​ និមល​ នេះ​បាន​ ។​ ក្រោយ​ពី​នគរបាល​ស្រុក​វាល​វែង​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​រួច​មក​ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ឲ្យ​កម្លាំង​ជំនាញ​ស្រុក​រតនៈមណ្ឌល​ ខេត្តបាត់ដំបង​ មក​ទទួលយក​ទៅ​ចាត់ការ​តាម​នីតិវិធី​បន្ត​ ៕​

មតិយោបល់